សម្តេច ម៉ែន សំអន រាប់បាត្រកាន់បិណ្ឌវេនទី២ នៅវត្តបុទុមវតីរាជវរារាម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា វេនកាន់បិណ្ឌទី២នេះជាវេនរបស់ខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីនៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញចូលរួមសូត្រមន្តផងដែរ។

សម្រាប់ថ្ងៃនេះក៏មានការជួបជុំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទាន សីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកក៏មានពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង៧សន្ដាន ដែលបានពលី ជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារ ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕


ដោយ សួស សំរិត





