លោក នេតាន់យ៉ាហ៊ូ ទៅបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម និងជួបប្រធានាធិបតីដើម្បីពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមការរាយការណ៍របស់បណ្តាញព័ត៌មានទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan TV News បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃអាទិត្យ ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតី ព្រះអង្គម្ចាស់ សីខ៍ ម៉ូហាមេដ ប៊ីន ហ្សាយេដ អាល់ ណាហ៍យ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) ដោយផ្តោតសំខាន់ទៅលើបញ្ហាប្រទេសអ៊ីរ៉ង់។
បណ្តាញព័ត៌មាន Kan បានឱ្យដឹងថា លោក នេតាន់យ៉ាហ៊ូ បានធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមដោយប្រើប្រាស់យន្តហោះឯកជន និងបានចំណាយពេលពេញមួយថ្ងៃនៅក្នុងប្រទេសនោះ។
មិនទាន់មានសេចក្តីប្រកាសជាផ្លូវការណាមួយភ្លាមៗអំពីដំណើរទស្សនកិច្ចនេះពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរនោះទេ។
គួររំលឹកថា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០២០ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





