ស៊ីរីចាប់ផ្តើមដឹកជញ្ជូនប្រេងសាំងទៅកាន់ប្រទេសអ៊ីរ៉ាក់តាមរយៈស្ថានីយប្រេង Banias
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ស៊ីរី (SANA) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនប្រេងស៊ីរី(SPC) បានចាប់ផ្តើមដឹកជញ្ជូនប្រេងសាំងសម្រាប់ផ្គត់ផ្គង់ដល់ប្រទេសអ៊ីរ៉ាក់តាមរយៈស្ថានីយប្រេង Banias ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេល ៣ខែដែលអាចបន្តសុពលភាពបាន។ សកម្មភាពនេះធ្វើឡើងក្នុងពេលដែលការដឹកជញ្ជូនថាមពលក្នុងតំបន់កំពុងជួបប្រទះការរំខានដោយសារភាពមិនស្ថិតស្ថេរនៅជុំវិញច្រកសមុទ្រហ័រមូស។
លោក អាហ៍មេដ កាបាជី (Ahmed Qabbaji) អនុប្រធានប្រតិបត្តិផ្នែកដឹកជញ្ជូន និងស្តុកទុករបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា ប្រតិបត្តិការនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ដោយមានរថយន្តដឹកប្រេងចំនួន៥៧គ្រឿងក្នុងដំណាក់កាលដំបូង ហើយមានផែនការបង្កើនសមត្ថភាពដល់ប្រហែល ២០០គ្រឿងក្នុងមួយថ្ងៃ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់តាមរយៈច្រកព្រំដែន al-Tanf រវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាអង្គការរដ្ឋសម្រាប់ទីផ្សារប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន UCC របស់ប្រទេសកាតា ដើម្បីផ្គត់ផ្គង់ប្រេងសាំងដែលមានគុណភាពប្រសើរដល់អ៊ីរ៉ាក់ ដោយប្រើប្រាស់រថយន្តដឹកប្រេងតាមផ្លូវគោកចេញពីទីក្រុងបាណាស់។ ប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមលក្ខខណ្ឌនៃកិច្ចសន្យាដឹកជញ្ជូនឆ្លងកាត់រវាងក្រុមហ៊ុន SPC និងក្រុមហ៊ុនរបស់កាតានោះ។
លោក កាបាជី បានបញ្ជាក់ថា ក្រុមហ៊ុន UCC ទិញប្រេងសាំងពីប្រភពអន្តរជាតិជាច្រើន ខណៈដែលភាគីស៊ីរីទទួលបន្ទុកលើការដឹកជញ្ជូន ដោយទទួលបានកម្រៃសេវាដឹកជញ្ជូនឆ្លងកាត់។
លោកបានបន្ថែមថា បច្ចុប្បន្នមាននាវាដឹកប្រេងចំនួន ១០គ្រឿងកំពុងស្ថិតនៅឯសមុទ្រជាផ្នែកមួយនៃប្រតិបត្តិការនេះ ហើយក្នុងនោះមាននាវា២គ្រឿងបានដឹកជញ្ជូនប្រេងចូលទៅក្នុងឃ្លាំងស្តុករបស់ SPC នៅទីក្រុងបាណាស់ រួចហើយ។
ក្រុមហ៊ុនបានរៀបចំទីតាំង និងចំណុចសម្រាប់បញ្ចូលប្រេងចំនួន៨កន្លែងដែលអាចបំពេញប្រេងចូលក្នុងរថយន្តដឹកប្រេងបានចំនួន៨គ្រឿងក្នុងពេលតែមួយ ហើយប្រតិបត្តិការផ្ទុក និងទម្លាក់ប្រេងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពេញ ២៤ម៉ោង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





