ក្រុមសកម្មប្រយុទ្ធជាង ៧០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមការបញ្ជាក់របស់យោធាប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធជាង ៧១នាក់នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មជាបន្តបន្ទាប់រយៈពេល ៤ថ្ងៃកន្លងមកនេះ នៅតំបន់ផ្សេងៗនៃខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសនេះ។
ស្ថាប័នទំនាក់ទំនងសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់យោធា បានចេញសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការ «Shaban» កាលពីថ្ងៃចន្ទ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានកំណត់ទីតាំងលាក់ខ្លួនជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់សាបាន នៃស្រុកកេតតា និងស្រុកហ្សៀរ៉ាតដែលនៅជិតនោះ ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធត្រូវបានគេចោទប្រកាន់ថាបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងតំបន់។
យោធាបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធចំនួន ៣៣នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការ Shaban រហូតមកដល់ពេលនេះ រួមទាំងមនុស្ស២៣នាក់ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅពេលដែលប្រតិបត្តិការនេះត្រូវបានពង្រឹងបន្ថែម។
ស្ថាប័ននេះបានបន្ថែមថា កងកម្លាំងសន្តិសុខបានបោសសម្អាតទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធជាច្រើនកន្លែង និងបានរឹបអូសយកអាវុធគ្រាប់រំសេវ និងគ្រឿងផ្ទុះ។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀតដែលផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់កាលពីថ្ងៃសុក្រ កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន១១នាក់នៅក្នុងស្រុកនូស្គី និង ៦នាក់ផ្សេងទៀតនៅក្នុងតំបន់ម៉ាន ព្រមទាំងបានរឹបអូសយកអាវុធ និងគ្រាប់រំសេវបន្ថែមទៀត។
កងកម្លាំង ISPR បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធទាំងនោះគឺជាសមាជិកនៃអង្គការសកម្មប្រយុទ្ធដែលត្រូវបានហាមឃាត់ ហើយបានឱ្យដឹងថាប្រតិបត្តិការបោសសម្អាតកំពុងបន្តធ្វើឡើងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់។
យោធាបានបញ្ជាក់ថា យុទ្ធនាការប្រឆាំងភេរវកម្មនឹងបន្តធ្វើឡើងដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ហើយកងកម្លាំងសន្តិសុខ និងស្ថាប័នអនុវត្តច្បាប់របស់ប្រទេសនេះ នៅតែបន្តប្តេជ្ញាកម្ចាត់អំពើភេរវកម្មដែលទទួលបានការឧបត្ថម្ភ និងការគាំទ្រពីបរទេសចេញពីប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





