រដ្ឋមន្ត្រីទេសចរណ៍ជំរុញប្រតិបត្តិករទេសចរណ៍កម្ពុជាប្រើប្រាស់AI និងបច្ចេកវិទ្យាឌីជីថលបែប Smart, Safe និង Warm ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង
AKP សៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍កម្ពុជា ចាប់យកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពឆ្លាតវៃ សុវត្ថិភាព និងភាពកក់ក្តៅ (Smart, Safe and Warm) ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម បង្កើនបទពិសោធន៍ភ្ញៀវទេសចរ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលសកល។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ«របៀបវារៈឌីជីថលនិងបញ្ញាសិប្បនិម្មិតដើម្បីរៀបចំទេសចរណ៍ឡើងវិញ»ដែលក្រសួងទេសចរ ណ៍សហការជាមួយអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) រៀបចំឡើងនៅសណ្ឋាគារបាយ័ន អេរ៉ា ខេត្តសៀមរាប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វិធានសុវត្ថិភាព និងអនាម័យអាស៊ាន សម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍» ព្រមទាំងជំរុញការអនុវត្ត «ឡាប៊ែលសុវត្ថិភាព និងភាពកក់ក្តៅអាស៊ាន» (ASEAN Safe and Warm Stamp) ដែលជាយន្តការតំបន់សំដៅលើកកម្ពស់គុណភាព សុវត្ថិភាព អនាម័យ និងស្តង់ដារសេវាកម្មទេសចរណ៍ នៅក្នុងប្រទេសសមាជិកអាស៊ាន។
ឯកឧត្តម ហួត ហាក់ បានថ្លែងថា ប្រធានបទទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៦ មានសារៈសំខាន់ និងស្របទៅនឹងនិន្នាការពិភពលោក ខណៈបច្ចេកវិទ្យាឌីជីថល និង AI កំពុងក្លាយជាកម្លាំងចលករសំខាន់ក្នុងការបម្លែងវិស័យទេសចរណ៍។ ឯកឧត្តមបញ្ជាក់ថា ការចាប់យកបច្ចេកវិទ្យាទំនើបទាំងនេះ នឹងជួយដល់ការរៀបចំគោលនយោបាយ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការធ្វើទីផ្សារ និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា កម្ពុជាកំពុងជំរុញការតភ្ជាប់ឌីជីថល ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា និងការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីបង្កើនគុណភាពសេវាកម្ម និងធានាថាវិស័យទេសចរណ៍អាចឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់ភ្ញៀវទេសចរអន្តរជាតិ។

សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងអំពីតួនាទីរបស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងការកសាងវិស័យទេសចរណ៍ដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព សម្រាប់សហគមន៍ និងសេដ្ឋកិច្ចពិភពលោក៕
ដោយ ឃុត សៅ





