រដ្ឋបាលខេត្តកំពង់ធំចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តព្រះពុទ្ធជិនរាជ ក្នុងស្រុកកំពង់ស្វាយ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- លោកស្រី លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងដោយមានការចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកកំពុងស្វាយ មន្ត្រីសាលាស្រុក និងប្រជាពលរដ្ឋពុទ្ធបរិស័ទស្ថិតនៅវត្តព្រះពុទ្ធជិនរាជ ភូមិក្បិលឃុំសាន់គ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានរៀបចំពិធីកាន់បិណ្ឌវេនទី២ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៍ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ ដែលទម្លាប់ទាំងនេះ គឺបានអនុវត្តជាយូរយាណាស់មកហើយ។ ការប្រារព្ធពិធីបុណ្យនេះគឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យទៅដល់ពពួកប្រែតអសុរកាយ និងឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និងជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដើម្បីបានទៅកាន់សុខគតិភពថ្មី។

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី២ នេះ លោកស្រី លំ គន្ធារី បានឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅ និងវីរៈកងទ័ពដែលបានពលីជីវិតដើម្បីជាតិ និងមាតុភូមិឱ្យមកទទួលយកនូវមគ្គផលដែលបានធ្វើនាពេលនេះ និងបានប្រគេនព្រះសង្ឃរួមមាន អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួនសម្រាប់ព្រះសង្ឃ និងកសាងវត្តអារាម។

ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី អភិបាលរងខេត្តខេត្តកំពង់ធំ បានថ្លែងថា សុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិឌ្ឍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថាបនិកសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរកបាននូវសន្តិភាពជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នាជាព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចាំបាច់បំផុតក្នុងការការពារនូវសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត។

លោកស្រីអភិបាលរងខេត្ត បានរំលឹកផងដែរថា ជារៀងរាល់ឆ្នាំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ ពុទ្ធិបរិស័ទនៅគ្រប់ទិសទីតែងតែចូលរួមធ្វើបុណ្យទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាក្នុងរយៈពេល ១៥ថ្ងៃ នៅតាមទីអារាមនានាក្នុងខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋជាច្រើនកុះករបានអញ្ជើញចូលរួមមកធ្វើបុណ្យឧទិ្ទសកុសលផលបុណ្យដល់បុព្វការីជនដែលបានចែកឋានទៅហើយនោះ មកទទួលយកមគ្គផលដែលកូនចៅបានធ្វើនាពេលនេះ៕
ដោយ៖ ស៊ុម វណ្ណា





