ទីក្រុង Hefei៖ ពីមជ្ឈមណ្ឌលសេដ្ឋកិច្ចខេត្ត ឆ្ពោះទៅកាន់កម្លាំងចលករឧស្សាហកម្មបច្ចេកវិទ្យាទំនើប
AKP រដ្ឋធានីប៉េកាំង, ប្រទេសចិន ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៦ -- ស្ថិតក្នុងតំបន់ដីសណ្តទន្លេយ៉ាងសេដ៏មានជីវភាពរស់រវើក ទីក្រុងហឺហ្វៃ (Hefei) ដែលជារដ្ឋធានីនៃខេត្តអានហ៊ុយ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សជា «ទីក្រុងនៃភាពច្នៃប្រឌិត និងជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពល» ផងដែរ។

យោងតាមទិន្នន័យបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសេដ្ឋកិច្ចសរុប (GDP) របស់ទីក្រុងហឺហ្វៃបានកើនឡើងពី ៤១៦,៨ ប៊ីលានយន់ ក្នុងឆ្នាំ២០១២ ដល់ ១.៤២១ ប៊ីលានយន់ ក្នុងឆ្នាំ២០២៥。 កំណើនដ៏លោតផ្លោះនេះ បានរុញច្រានចំណាត់ថ្នាក់សេដ្ឋកិច្ចទូទាំងប្រទេសរបស់ទីក្រុងនេះ ឱ្យហក់ឡើងពីលេខរៀងទី ៣១ មកដល់លេខរៀងទី ១៨ ហើយក្នុងចំណោមទីក្រុងរដ្ឋបាលខេត្ត គឺបានឈានពីលេខ ១៥ ឡើងមកដល់លេខ ៩ យ៉ាងគួរឱ្យមោទនភា។

ភាពជោគជ័យដ៏អស្ចារ្យនេះ គឺកើតចេញពីការយកចិត្តទុកដាក់ខ្ពស់លើការកសាង «ប្រព័ន្ធឧស្សាហកម្មទំនើប» ដោយក្នុងនោះ ទីក្រុងហឺហ្វៃបានបង្កើតឡើងនូវច្រវាក់ឧស្សាហកម្មខ្នាតធំកម្រិតរាប់ពាន់ប៊ីលានយន់ចំនួន ៦ រួមមាន៖ ១. យានយន្តថាមពលថ្មី
២. រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងការរក្សាទុកថាមពលកម្រិតខ្ពស់
៣. បច្ចេកវិទ្យាបង្ហាញអេក្រង់ប្រភេទថ្មី ដែលជាកម្រិតនាំមុខគេលើពិភពលោក
៤. គ្រឿងអគ្គិសនីឆ្លាតវៃ
៥. បរិក្ខារកម្រិតខ្ពស់
៦. បញ្ញាសប្បនិម្មិត (AI)

ទន្ទឹមនឹងនេះ ទីក្រុងក៏កំពុងពង្រីកការអភិវឌ្ឍលើវិស័យឧស្សាហកម្មអនាគតថ្មីៗដូចជា Quantum Information និង Low-altitude Economy ផងដែរ ដែលធ្វើឱ្យទីក្រុងហឺហ្វៃជាប់ឈ្មោះក្នុងចំណោមក្រុមបណ្តុំបច្ចេកវិទ្យាពិភពលោក (Global Science and Technology Clusters) ស្ថិតក្នុងលំដាប់ថ្នាក់ទី ៣៩ និងជាទីក្រុងស្រាវជ្រាវវិទ្យាសាស្ត្រពិភពលោកលំដាប់ទី ១២។

ការរីកចម្រើនឥតឈប់ឈររបស់ទីក្រុងហឺហ្វៃ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយយកបច្ចេកវិទ្យា នវានុវត្តន៍ និងការច្នៃប្រឌិតជាស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ៕
ដោយ៖ ទូច វលក័្ខណ





