អភិបាលស្រុកប្រាសាទបល្ល័ង្ក៖ តំណែងគឺជាការទុកចិត្តមិនមែនតែងតាំងដើម្បីលម្អឈ្មោះឡើយ
AKP កំពង់ធំ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- លោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានលើកឡើងថា តំណែងគឺជាការទុកចិត្តមិនមែនតែងតាំងដើម្បីលម្អឈ្មោះឡើយអ្នកមានតំណែងថ្ងៃនេះបង្ហាញពីគុណតម្លៃតាមរយៈលទ្ធផលសុចរិតភាពវិន័យសីលធម៌គុណធម៌និងទំនួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកគ្រូ អ្នកគ្រូ ជានាយកសាលាបឋមសិក្សាចំនួន៦ រូប ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម លោកលោកស្រីអភិបាលរង សមាជិកក្រុមប្រឹក្សា នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលស្រុកមានប្រសាសន៍ថា គតិបណ្ឌិតដ៏មានតម្លៃឆ្លុះបញ្ចាំងពីក្រមសីលធម៌នៃការដឹកនាំ និងតម្លៃពិតប្រាកដនៃអំណាច ឬតួនាទីនៅក្នុងសង្គម និងស្ថាប័ន។តំណែងគឺជាការទុកចិត្ត មិនមែនដើម្បីលម្អឈ្មោះ គឺជាការទុកចិត្តពីមហាជន ឬថ្នាក់ដឹកនាំ។ លោកគ្រូអ្នកគ្រូទទួលបានតំណែង ជា "នាយកសាលា នាយិកា" បង្ហាញថាមានការផ្ដល់ទំនុកចិត្ត និងសេចក្ដីសង្ឃឹមពីមនុស្សជុំវិញខ្លួនថា បុគ្គលនោះមានសមត្ថភាពអាចដោះស្រាយបញ្ហា និងដឹកនាំសមូហភាពបាន មិនមែនជាគ្រឿងលម្អ។

តំណែងមិនមែនជា «សំបកក្រៅ» សម្រាប់គ្រងដើម្បីបង្អួតពីបុណ្យស័ក្តិ ភាពហ៊ឺហា ឬស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បើមានតំណែងធំ ប៉ុន្តែគ្មានសមត្ថភាព ឬមិនធ្វើការងារបំរើផលប្រយោជន៍រួម នោះតំណែងគ្រាន់តែជាឈ្មោះទទេស្អាតដែលគ្មានតម្លៃ ម្យ៉ាងទៀតលោកគ្រូអ្នកគ្រូជានាយក នាយិកា ត្រូវមានគុណតម្លៃដែលត្រូវបង្ហាញតាមរយៈសសរស្តម្ភទាំង៤ អ្នកកាន់តំណែងពិតប្រាកដ មិនមែនស្វែងរកការគោរពដោយបង្ខំតាមរយៈអំណាចបុណ្យស័ក្តិនោះទេ ប៉ុន្តែស្វែងរកការគោរពតាមរយៈគុណតម្លៃសកម្មភាពរបស់ខ្លួន៖ ១. លទ្ធផលជាខ្នាតវាស់វែងដ៏សំខាន់បំផុត តំណែងត្រូវបង្កើតឱ្យមានសមិទ្ធផលពិតប្រាកដ ការរីកចម្រើន និងការផ្លាស់ប្តូរក្នុងន័យវិជ្ជមាន បើកាន់តំណែងយូរឆ្នាំ តែគ្មានលទ្ធផលការងារអ្វីសោះ នោះស្មើនឹងការក្បត់ទំនុកចិត្តដែលគេប្រគល់ឱ្យ។

២. សុច្ចរិតភាព សំដៅលើភាពស្មោះត្រង់ ភាពត្រឹមត្រូវតាមច្បាប់ និងក្រមសីលធម៌ អ្នកមានតំណែងត្រូវតែស្អាតស្អំ មិនពុករលួយ មិនលម្អៀង និងមិនប្រើប្រាស់អំណាចរំលោភបំពានលើអ្នកដទៃ។ ៣. វិន័យគឺជាគ្រឹះដែលធ្វើឱ្យមនុស្សជុំវិញខ្លួនគោរពដោយស្មោះពីចិត្តតាមរយៈវិន័យ ការគោរពគោលការណ៍ ច្បាប់ទម្លាប់ និងការគ្រប់គ្រងខ្លួនឯង មេដឹកនាំ ឬអ្នកមានតំណែង ត្រូវធ្វើជាគំរូខាងវិន័យ (ដូចជា ពេលវេលា ពាក្យសម្តី និងសកម្មភាព) មុននឹងទៅដាក់វិន័យលើអ្នកដទៃនិង៤.ទំនួលខុសត្រូវ តំណែងកាន់តែខ្ពស់ ទំនួលខុសត្រូវកាន់តែធំ។ នៅពេលការងារមានការខុសឆ្គង ឬបរាជ័យ អ្នកមានតំណែងត្រូវតែហ៊ានចេញមុខទទួលខុសត្រូវ មិនមែនទម្លាក់កំហុសទៅលើកូនចៅ ឬអ្នកដទៃឡើយ។
លោកអភិបាលបានដាស់តឿនដល់លោកគ្រូអ្នកគ្រូដែលទទួលបានតំណែងថ្មីនៅថ្ងៃនេះជានាយក ជានាយិកា ឱ្យភ្ញាក់រលឹកថា «តំណែង និងអំណាច ត្រូវដើរទន្ទឹមគ្នានឹងកាតព្វកិច្ច និងសីលធម៌»។ តំណែងនឹងរលាយបាត់ទៅវិញតាមពេលវេលា ប៉ុន្តែលទ្ធផល សុច្ចរិតភាព វិន័យ និងទំនួលខុសត្រូវដែលបុគ្គលនោះបានបន្សល់ទុក នឹងក្លាយជាប្រវត្តិសាស្ត្រ និងជាគុណតម្លៃពិតប្រាកដដែលមិនអាចកាត់ថ្លៃបានឡើយ។

លោកស្រី ធឹម ឌីន នាយកសាលាបឋមសិក្សាបុសធំ ដែលទើបនឹងឡើងកាន់តំណែងបានប្ដេជ្ញាថា តាំងនាមឱ្យលោកគ្រូអ្នកគ្រូនៅថ្ងៃនេះទាំងអស់ និងចូលរួមពង្រឹងលើគុណភាពអប់រំសិស្សានុសិស្សប្រកបដោយគុណភាព យកចិត្តទុកដាក់ខ្ពស់ការពង្រឹងលើវិន័យ នំចំណីអាហារ សុខភាពសិស្សានុសិស្ស ពិសេសទប់ស្កាត់និងផ្សព្វផ្សាយដល់សិស្សជុំវិញវិធានការជម្ងឺគ្រុនឈាម និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងលើគុណភាពអប់រំឱ្យបានល្អបំផុតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ស៊ុម វណ្ណា




