ភ្លៀងធ្លាក់ជាប់ៗគ្នាបង្កឱ្យតំបន់មួយចំនួនក្នុងសង្កាត់ទាំង៧ នៃក្រុងសៀមរាបរងការលិចលង់ជាអន្លើរៗ
AKP សៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- តំបន់មួយចំនួនក្នុងសង្កាត់ទាំង៧ នៃក្រុងសៀមរាប ខេត្តសៀមរាប បានរងការលិចលង់ជាអន្លើរៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធកំពុងតាមដានស្ថានភាព និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានថ្លែងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា ការលិចលង់ដែលបានកើតឡើង ដោយសារភ្លៀងធ្លាក់ក្នុងបរិមាណច្រើន និងបន្តជាប់ៗគ្នា ដែលធ្វើឱ្យទឹកហូរចូលប្រមូលផ្តុំនៅតំបន់ទំនាប និងតំបន់មួយចំនួនដែលប្រព័ន្ធរំដោះទឹកមិនទាន់អាចបង្ហូរទឹកបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុងសៀមរាបបានទទួលរងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យតំបន់មួយចំនួនក្នុងសង្កាត់ទាំង៧ មានការលិចលង់ជាអន្លើរៗ។ អាជ្ញាធរក្រុង សហការជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន កំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងត្រៀមវិធានការចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ»។
អភិបាលរងក្រុងសៀមរាបបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ ត្រូវបន្តតាមដានព័ត៌មានអាកាសធាតុ និងសេចក្តីជូនដំណឹងពីអាជ្ញាធរ ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន ជាពិសេសចំពោះកុមារ មនុស្សចាស់ និងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទឹកជន់លិច។ អាជ្ញាធរបានបញ្ជាក់ថានឹងបន្តត្រួតពិនិត្យស្ថានភាពជាប្រចាំ និងចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានភ្លៀងធ្លាក់បន្ថែម ឬកម្រិតទឹកបន្តកើនឡើងនៅក្នុងតំបន់ប្រឈមនានា៕

ដោយ ឃុត សៅ





