ភ្ញៀវទេសចរបរទេសជាង២០០នាក់មកទស្សនកិច្ចកម្ពុជាតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- តាមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ ODYSSET សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២៣៦នាក់ ក្នុងនោះស្រី១៣៥នាក់ មាន១៧សញ្ជាតិ និងមាននាវិកសរុបចំនួន១៦៦នាក់ ស្រី១៧នាក់ មាន២០សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា គោលបំណងនៃការចូលចតរបស់នាវាទេសចរណ៍ខាងលើបាននាំភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជារយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ស្របតាមគោលនយោ បាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគសម្រាប់តែខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០២៤ បន្តរហូតដល់ឆ្នាំ២០២៧។

ក្នុងឱកាសនៃការចូលចតរបស់នាវាខាងលើនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុបានជួយសម្របសម្រួលក្នុងការធ្វើបែបបទ (ប៉ាស្ព័រ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបានលឿនឆាប់ ជាមួយគ្នានេះដែរភ្ញៀវទេសចរក៏បានធ្វើដំណើរទៅកម្សាន្តនៅគោលដៅមួយចំនួនដូចជា តំបន់រមណីយដ្ឋានតំបន់ឆ្នេរសមុទ្រ តំបន់វប្បធម៌ (ទីអារាម) តំបន់នេសាទ នៅក្នុងក្រុងព្រះសីហនុ ទស្សនារូបសំណាកព្រះថោង នាងនាគ និងរូបសំណាកផ្សេងទៀតក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម មជ្ឈមណ្ឌល Bay of Lift ផងដែរ។

ទេសនាវាទេសចរណ៍ ODYSSET សញ្ជាតិ BAHAMAS មានបណ្តោយ ១៩៥, ៨២ម៉ែត្រ ទទឹងប្រវែង ២២, ៥០ម៉ែត្រ ជំរៅទឹក ៥,៣០ម៉ែត្រ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីម៉ោង ៨,៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា នាវានេះមានគម្រោងបន្តដំណើរឆ្ពោះទៅប្រទេសថៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩ល្ងាច។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា ODYSSET ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA Australia Canada។ ភ្ញៀវចូលក្នុងប្រទេសកម្ពុជាចេញទៅទស្សនាខេត្តសៀមរាប មានចំនួន៣២នាក់ ស្រី១៩នាក់ ស្មើនឹង៣សញ្ជាតិ និងភ្ញៀវទេសចរមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន៣៨នាក់ ស្រី២២នាក់ ស្មើនឹង៦សញ្ជាតិ៕

ដោយ ងូ សុមុនី




