សន្និសីទអន្តរជាតិស្តីពី “ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានទំនាក់ទំនងជាមួយបទល្មើសផ្សេងៗជាច្រើនប្រទាក់ក្រឡាគ្នា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- សន្និសីទអន្តរជាតិស្តីពី “ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” បានទទួលស្គាល់ថា ការឆបោកមានទំនាក់ទំនងជាមួយបទល្មើសផ្សេងៗទៀត ដូចជាការជួញដូរមនុស្ស ការបង្ខំឱ្យប្រព្រឹត្តបទល្មើស ការលាងសម្អាតប្រាក់ និងលំហូរហិរញ្ញវត្ថុខុសច្បាប់។ នេះក៏ជាបញ្ហាដែលត្រូវបានរំលេចនៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃសន្និសីទ។
នេះបើតាមការឱ្យដឹងពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយបញ្ចប់សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាព្រឹកថ្ងៃដដែលនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មរៀបចំជាប្រព័ន្ធ ក្នុងទម្រង់ផ្សេងគ្នា រួមគ្នានឹងការជួញដូរមនុស្ស ការសម្អាតប្រាក់ និងលំហូរហិរញ្ញវត្ថុខុសច្បាប់។ ដូច្នេះហើយ គឺយើងមិនគួរសន្មត/ចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថាគ្រាន់តែជាបញ្ហាសាយប័រ (Cyber) ដាច់ដោយឡែកពីបញ្ហាឧក្រិដ្ឋកម្មផ្សេងៗទៀតឡើយ។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា “ហេតុនេះហើយ ការឆ្លើយតបរបស់យើងមិនអាចផ្ដោតតែទៅលើការបិទទីតាំង ឬក៏ការចាប់ខ្លួនអ្នកដែលប្រព្រឹត្តបទល្មើសនៅចំពោះមុខនោះទេ។ យើងត្រូវស៊ើបអង្កេត និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មទាំងមូល រួមទាំងមេខ្លោង អ្នកផ្តល់ហិរញ្ញវត្ថុ បណ្តាញជ្រើសរើសមនុស្ស និងអ្នកសម្របសម្រួលប្រតិបត្តិការខុសច្បាប់។ នេះជាមូលហេតុដែលកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវមានលក្ខណៈឆាប់រហ័ស ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន”។ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជារឿងទទួលខុសត្រូវរួម និងទាមទារឱ្យមានសកម្មភាពរួមពីរដ្ឋាភិបាល និងសង្គមទាំងមូល ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកឧក្រិដ្ឋកម្មនេះ”។ កម្ពុជាយើងបានដាក់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាការងារអាទិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហើយបានចាត់វិធានការជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី និងបានអនុម័តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា តាមតួលេខដែលបានប្រកាសសម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាប្រចាំរបស់យើង បានត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២ ទីតាំង និងបានចាត់វិធានការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង នៅក្នុងចំណោម ៨០០ជាង ដែលបានត្រួតពិនិត្យ និងគ្រប់គ្រងបានមជ្ឈមណ្ឌលឆបោកទ្រង់ទ្រាយធំចំនួន ៨៦ ទីតាំង។

ដែលការបង្ក្រាបនេះ គឺយើងអាចបញ្ជាក់ថា គឺនៅប្រទេសកម្ពុជាប្រចាំរបស់យើង លែងមានទៀតហើយនូវមជ្ឈមណ្ឌលឆបោក Online Scam ទ្រង់ទ្រាយធំ ក៏ប៉ុន្តែវាមានការប្រែប្រួលនូវទម្រង់របស់វាទៅជាតូចៗ។ ចំពោះសំណុំរឿងចំនួន ៤៤៦ សំណុំរឿង ដែលពាក់ព័ន្ធទៅនឹងជនសង្ស័យ ៣៩២៧ នាក់ ត្រូវបានបញ្ជូនទៅតុលាការ ហើយគណនីធនាគារដែលពាក់ព័ន្ធនឹងបទល្មើស មានទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិក ត្រូវបានបង្កក៕
ដោយ៖ មករា





