ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ ការអភិវឌ្ឍជឿនលឿនបំផុតនៃប្រព័ន្ធបច្ចេកវិទ្យា ផ្ដល់ឱកាសដល់ក្រុមជនល្មើស ប្រែប្រួលជីវភាពរស់នៅប្រចាំថ្ងៃទៅជាបទឧក្រិដ្ឋនានា រួមទាំងការឆបោក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ជាមួយនឹងការអភិវឌ្ឍជឿនលឿនបំផុត មិនគួរឱ្យជឿនៃប្រព័ន្ធបច្ចេកវិទ្យា ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងហាក់មានភាពងាយស្រួល បើប្រៀបធៀបទៅនឹងអតីតកាល ប៉ុន្តែជាមួយគ្នានេះ និន្នាការនេះក៏បានផ្ដល់ឱកាសដល់ក្រុមជនល្មើស ប្រែប្រួលទៅជាបទឧក្រិដ្ឋនានា រួមទាំងការឆបោកផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ពាក្យថា "ឆបោក" ឬ "Scam" មិនថា ក្នុងទម្រង់បែបណាក៏ដោយ ក៏តែងតែបង្កនូវមហន្តរាយយ៉ាងច្រើនដល់ជនរងគ្រោះ ដោយឡែកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) ទៀតសោត គឺសុទ្ធតែមានភាពស្មុគស្មាញ និងបង្កវិនាសកម្មកាន់តែធ្ងន់ធ្ងរបន្ថែមមួយកម្រិតទៀត ទៅលើសង្គមសេដ្ឋកិច្ច សង្គមសន្តិសុខជាតិ និងមិនថាទៅលើប្រជាជន និងប្រទេសដែលត្រូវបានឆបោក រួមទាំងប្រទេសដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមូលដ្ឋាន ដើម្បីឆបោកផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានថ្លែងបញ្ជាក់ថា យោងតាមពាក្យមួយនៃប្រធានបទសន្និសីទរបស់យើង គឺ "ច្រវាក់" ដែលមានន័យថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមានបណ្តាញស្មុគស្មាញ ប្រទាក់ក្រឡា អាចប្រៀបដូចជា ច្រវាក់ដ៏វែងអន្លាយ ពោលគឺច្រវាក់បណ្តាញទំនាក់ទំនងជនល្មើស ច្រវាក់នៃប្រព័ន្ធបច្ចេកវិទ្យាស្មុគស្មាញ ច្រវាក់នៃប្រព័ន្ធហិរញ្ញវត្ថុបិទបាំង និងការលាងសម្អាតប្រាក់ ច្រវាក់នៃការជួញដូរមនុស្ស ច្រវាក់អំពីការបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសុខកុមាលភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមសន្តិបណ្ឌិតបានបន្ថែម៖ «ដូច្នេះ កាតព្វកិច្ចរបស់យើងទាំងអស់គ្នា គឺត្រូវធ្វើយ៉ាងណា រួមគ្នាកាត់ផ្តាច់ឱ្យបាន នូវច្រវាក់ទាំងនោះ»។

ជាមួយគ្នានេះ ឯកឧត្តមសន្ដិបណ្ឌិតឧបនាយករដ្ឋមន្រ្ដីបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្លឹមសារលទ្ធផលនៃសន្និសីទរបស់យើង ដែលបានដាក់ចេញនូវអនុសាសន៍ ទិសដៅ និងវិធានការប្រកបដោយសក្តានុពលជាច្រើន ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ ចំពោះបរិបទកម្ពុជា គណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានខិតខំយកចិត្តទុកដាក់ លើកិច្ចការងារនេះ ជាអាទិភាពចម្បង តាមរយៈការរៀបចំសិក្ខាសាលាអប់រំ ការលើកកម្ពស់ការយល់ដឹង តាមប្រព័ន្ធផ្សព្វផ្សាយ អំពីបណ្តាញសង្គម និងការចុះអប់រំពលរដ្ឋតាមមូលដ្ឋាន តាមវេទិកាសាធារណៈនានា ក្នុងគោលដៅធ្វើយ៉ាងណា បញ្ចៀសពលរដ្ឋ កុំឱ្យធ្លាក់ចូលក្នុងកញ្ជោល នៃការឆបោកដ៏គ្រោះថ្នាក់នេះ។ ឯកឧត្តមសន្តិបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវឆន្ទៈមុតមាំ ពុះពារ មិនរាថយ ក្នុងការប្រើប្រាស់វិធានការអនុវត្តច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ដែលក្នុងនោះ កម្ពុជា គឺជាប្រទេសឈានមុខគេ ក្នុងការបង្កើតឱ្យមានច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមជាសមួយការឃាត់ខ្លួន ផ្តន្ទាទោស និងការបណ្តេញចេញពីប្រទេស ការប្រើប្រាស់វិធានការបច្ចេកទេស រារាំងប្រតិបត្តិការរបស់ក្រុមឆបោក ការរឹតបន្តឹងរដ្ឋបាល ទីតាំងដែលប្រឈមនឹងហានិភ័យ ព្រមទាំងពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងអំពើពុករលួយ។ ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «វិធានការច្បាប់ដ៏ម៉ឺងម៉ាត់ តឹងតែងនេះ គឺជារបាំងការពារដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងតតាំងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវតែបន្តអនុវត្តរហូតដល់បទល្មើសមួយនេះ រលត់សាបសូន្យ ចេញពីប្រទេសកម្ពុជា»។

ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់បន្ថែមថា ក្រុមឧក្រិដ្ឋជនមិនបានប្រកាន់ថា ប្រទេសណា តំបន់ណា ទ្វីបណា ឬជនជាតិណានោះទេ ដោយប្រតិបត្តិការរបស់ពួកគេ គឺគ្របដណ្តប់គ្រប់ទីតាំង ដែលអាចធ្វើទៅបាន ទីតាំងដែលអាចឆ្លៀតឱកាស តាមរយៈឧបាយកល បច្ចេកវិទ្យាផ្សេងៗ និងក្រុមបណ្តាញអង្គការចាត់តាំង។ យោងលើបច្ច័យទាំងនេះ អ្វីដែលត្រូវការបំផុតនោះ គឺកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលខ្លាំងក្លាមួយ ដោយល្បឿនលឿនរហ័ស ចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក។
ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏សូមថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយសមត្ថកិច្ចកម្ពុជា នាពេលកន្លងមក តាមរយៈការចែករំលែកព័ត៌មាន ការស៊ើបអង្កេត ការជួយធ្វើកោសល្យវិច័យ កិច្ចសហប្រតិបត្តិការបច្ច័យ និងការបណ្តេញចេញ និងការជួយបណ្តុះបណ្តាលជំនាញដល់មន្ត្រី។ ឯកឧត្តមសន្តិបណ្ឌិតមានជំនឿស៊ប់លើប្រជាប្រិយភាពយ៉ាងមុតមាំថា វប្បធម៌ ប្រពៃណីដ៏ខ្ពង់ខ្ពស់នៃកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តឱ្យមានជាដរាប សម្រាប់ប្រទេសយើងទាំងអស់គ្នា ដើម្បីរួមគ្នាកម្ទេចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចេញពីសង្គមជាតិ៕
ដោយ៖ ទេស ច័ន្ទសុធារី





