រដ្ឋបាលខេត្តកណ្តាល ប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ ទួទាំងខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំកុមារតូច រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ទួទាំងខេត្តក ណ្តាល នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ ក្រោមអធិបតី លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារខេត្ត និងលោកស្រី ស៊ុរន ស្រីនាង អភិបាលរងខេត្តកណ្តាល ដោយ មានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីជំនាញនៃមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធានការិយា ល័យ អបរំ យុវជន និងកីឡាក្រុង-ស្រុក ព្រមទាំងលោក-លោកស្រី ប្រធានប្រធានគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារក្រុង ស្រុកទាំង១៣ ផងដែរ។

ថ្លែងក្នុងពិធីនេះ លោកស្រី នួន នារតី បានលើកឡើងថា ការអប់រំកុមារតូច គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ព្រោះការអភិវឌ្ឍកុមារតាំងពីវ័យកុមារភាព នឹងជួយឱ្យពួកគេមានមូលដ្ឋានគ្រឹះល្អទាំងផ្នែកចំណេះដឹង ជំនាញ សីលធម៌ អាកប្បកិរិយា និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងសង្គម។
លោកស្រីថាមត្តេយ្យសិក្សាសហគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសឱ្យកុមារដែលរស់នៅតាមសហគមន៍ទទួលបានការអប់រំ និងការថែទាំសមស្រប មុនពេលបន្តចូលរៀននៅកម្រិតបឋមសិក្សា ដូច្នេះ ការគាំទ្រដល់មត្តេយ្យសិក្សាសហគមន៍ តាមរយៈការផ្តល់សម្ភារៈ បរិក្ខារ និងបរិយាកាសសិក្សាសមរម្យ គឺជាការវិនិយោគដ៏មានសារៈសំខាន់សម្រាប់អនាគតរបស់កុមារ និងសង្គមជាតិ។

អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមន៍ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ការចូលរៀនរបស់កុមារតូច ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាព អនាម័យ អាហារូបត្ថម្ភ និងការអប់រំប្រកបដោយភាពកក់ក្តៅ និងសមស្របតាមវ័យរបស់កុមារ។
ថ្លែងក្នុងពិធីនេះដែរ លោកស្រី ស្រ៊ុន ស្រីនាង បានមានប្រសាសន៍ថា ការរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកណ្តាល ក្នុងការជំរុញវិស័យអប់រំ ជាពិសេសការអប់រំកុមារតូច ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្សនាពេលអនាគត។ ការពង្រឹងគុណភាពមត្តេយ្យសិក្សា មិនអាចផ្តោតតែលើការផ្តល់ចំណេះដឹងដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ រួមមាន សមត្ថភាពគិត សមត្ថភាពទំនាក់ទំនង ការរស់នៅជាមួយអ្នកដទៃ វិន័យ សីលធម៌ និងទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស ការវិនិយោគលើការអប់រំកុមារតូច គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ ប្រសិនបើកុមារទទួលបានការអប់រំល្អ មានសុខភាពល្អ មានសីលធម៌ និងមានមូលដ្ឋានចំណេះដឹងរឹងមាំ នោះពួកគេនឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព ដែលអាចចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននៅថ្ងៃអនាគត។ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង ១៣ ត្រូវបន្តយកចិត្តទុកដាក់ និងសហការជាមួយសហគមន៍ក្នុងការថែរក្សា និងប្រើប្រាស់សម្ភារៈ បរិក្ខារដែលទទួលបានឱ្យមានប្រសិទ្ធភាព ព្រមទាំងបន្តស្វែងរកការគាំទ្របន្ថែម ដើម្បីធ្វើឱ្យមត្តេយ្យសិក្សាសហគមន៍មានបរិយាកាសសិក្សាល្អ សុវត្ថិភាព និងអំណោយផលដល់ការអភិវឌ្ឍកុមារ។ ការចូលរួមរបស់សហគមន៍ និងអាណាព្យាបាល គឺជាកត្តាសំខាន់មួយក្នុងការធានាឱ្យការអប់រំកុមារតូចទទួលបានលទ្ធផលល្អ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលកុមារមានសុវត្ថិភាព មានភាពសប្បាយរីករាយក្នុងការរៀនសូត្រ និងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានពេញលេញ ហើយតាមរយៈការផ្តល់សម្ភារៈ និងបរិក្ខារនេះ រដ្ឋបាលខេត្តកណ្តាលរំពឹងថា នឹងជួយសម្រួលដល់ការបំពេញការងាររបស់គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំកុមារតូចនៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពីព្រោះការយកចិត្តទុកដាក់លើការអប់រំកុមារតូចនៅថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់កសាងធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងសមត្ថភាព ដើម្បីបន្តចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានចីរភាពនាពេលអនាគត។

សូមបញ្ជាក់ដែរថា សម្ភារៈដែលប្រគល់ជូនថ្នាក់មត្តេយ្យសិក្សាសហគមន៍ទាំង១៣ក្រុង ស្រុក មានចំនួន ១១០ថ្នាក់ ក្នុងនោះស្រុក កណ្តាលស្ទឹង ចំនួន១៥ថ្នាក់ ស្រុកកៀនស្វាយ ចំនួន២ថ្នាក់ ស្រុកខ្សាច់កណ្តាលចំនួន៤ថ្នាក់ ស្រុកកោះធំ ចំនួន៣ថ្នាក់ ស្រុកលើកដែក ចំនួន១៣ថ្នាក់ ស្រុកល្វាឯម ចំនួន១៤ថ្នាក់ ស្រុកមុខកំពូលចំនួន៤ថ្នាក់ ស្រុកពញាឮ ចំនួន១០ថ្នាក់ ស្រុកស្អាង ចំនួន ២ថ្នាក់ ស្រុកអង្គស្នួល ចំនួន១២ថ្នាក់ ក្រុងតាខ្មៅ ចំនួន១ថ្នាក់ ក្រុងសំពៅពូន ចំនួន២ថ្នាក់ និងក្រុងអរិយក្សត្រ ចំនួន៨ថ្នាក់។ ចំពោះសម្ភារៈត្រូវប្រគល់ជូនមាន ទូដាក់សម្ភារៈ ចំនួន ៧០ ក្តារខៀនចំនួន ៤៨ ព្រមទាំង តុគ្រូចំនួន ៤៧ ៕
ដោយ ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





