ឪឡឹកពូជ «រាជនី»ដែលអ្នកជំនាញបង្កាត់ ពេលដាំមានសុខភាពល្អ និងផ្តល់ផ្លែល្អជាងដើមឪឡឹកដែលដាំពីគ្រាប់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ការបង្កាត់ពូជឪឡឹកដែលមានឈ្មោះថា”រាជនី”ដោយការផ្សាំបែបបច្ចេកវិទ្យាថ្មីឃើញថា ឪឡឹកដែលផ្សាំជាមួយជើងទម្រទាំងបីប្រភេទ មានសុខភាពល្អ និងផ្តល់ផ្លែល្អជាងដើមឪឡឹកដែលដាំពីគ្រាប់ដោយមិនបានផ្សាំ។
បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាបានឱ្យដឹងថា តាមរយៈឯកឧត្តមបណ្ឌិត សុខ ហេង ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និងសហការី បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការពិសោធន៍ផ្សាំឪឡឹកខ្មែរពូជ «រាជនី» ជាមួយជើងទម្រផ្សេងៗ (Rootstock) រួមមាន៖ ដើមល្ពៅ ឃ្លោក និងត្រឡាចបានបង្ហាញលទ្ធផលថា ឪឡឹកពូជ «រាជនី»ដែលអ្នកជំនាញបង្កាត់មានសុខភាពល្អ និងផ្តល់ផ្លែល្អជាងដើមឪឡឹកដែលដាំពីគ្រាប់។ចំណែកឪឡឹកដែលមានជើងទម្រជាដើមត្រឡាច មានរសជាតិមិនសូវផ្អែម និងសាច់មិនសូវស្រួយឆ្ងាញ់ បើប្រៀបធៀបនឹងជើងទម្រប្រភេទផ្សេងទៀត។

ការពិសោធន៍នៃការដាំឪឡឹកពូជថ្មី របស់ក្រុមអ្នកស្រាវជ្រាវនេះមានគោលបំណងស្វែងរកវិធីសាស្ត្រ និងបច្ចេកទេសសមស្របសម្រាប់ការដាំឪឡឹកពូជខ្មែរនៅក្នុងរដូវវស្សា ដោយតាមទម្លាប់ទូទៅ កសិករយើងភាគច្រើនដាំឪឡឹកក្នុងរដូវរំហើយ ឬចុងរដូវវស្សា ដោយសារដំណាំឪឡឹកមិនសូវធន់នឹងទឹកភ្លៀង។

បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាបានឱ្យដឹងបន្ថែមទៀតថា លទ្ធផលបឋមនេះនឹងក្លាយជាមូលដ្ឋានសម្រាប់បន្តការពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេសផ្សាំឪឡឹក ឱ្យកាន់តែសមស្របទៅនឹងតម្រូវការទីផ្សារ និងការប្រែប្រួលអាកាសធាតុ ។

គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវនេះនឹងរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មឪឡឹកបង្កើនឱកាសផលិតកម្មរបស់កសិករ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕

ដោយ មករា





