រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវស្វែងរកសប្បុរសជនជួយជាសម្ភារ និងថវិកាដើម្បីចុះសួរសុខទុក្ខវីរកងទ័ព និងនគរបាលការពារព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--យោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទី អង្គភាពជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងអស់ មេត្តាជ្រាបថា៖ នៅចុងខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរ:នគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទ ព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។
ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខនោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទី អង្គភាពជុំវិញរដ្ឋបាល រាជធានីភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគ អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែក ឧបត្ថម្ភដល់វីរយុទ្ធជន និងកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រយៈពេលវែងនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងការអភិវឌ្ឍ តាមបន្ទាត់ព្រំដែន។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ក្នុងការប្រកាន់ខ្ជាប់នូវវប្បធម៌ នៃការចែករំលែកក្នុង ស្មារតីភាតរភាពរបស់ប្រជាជាតិយើង។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ ម៉ោងធ្វើការ ទូរស័ព្ទលេខ ០១២ ៦១៦ ៥៣៦ / ០១៧ ៨៦៧ ៨៧២ ឬបង្វែរតាមគណនីធនាគារ ABAរបស់ រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD) ៕

ដោយ សួស សំរិត





