សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានលុបបំបាត់ទាំងស្រុងរាល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំ បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦---សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា លុប បំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំ បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា បានដំឡើងគណៈបញ្ជាការរបស់ខ្លួនទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេច តែម្ដង។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជា បានដាក់ឱ្យអនុវត្តន៍ច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់កម្ពុជា ហើយកម្ពុជា ក៏ផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងការទប់ស្កាត់កុំឱ្យបណ្ដាញទាំងនេះលេចឡើងវិញ។ «អាស្រ័យហេតុនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា បានតំឡើងរចនាសម្ព័ន្ធបញ្ជាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមការដឹកនាំផ្ទាល់របស់សម្តេចតែម្តង ។ បន្ថែមពីនេះ កម្ពុជា បានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់កម្ពុជា»។ នេះគឹជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងលុបលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំក្នុងព្រះរាជាណាចក្រកម្ពុជា បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ និងប្រតិបត្តិការដោយមិនមានមជ្ឈមណ្ឌលកណ្ដាល ហើយថែមទាំងកំណត់គោលដៅឆបោកមកលើប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏កងកម្លាំងអនុវត្តន៍ច្បាប់របស់យើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចដើម្បីបង្ក្រាប និងលុបបំបាត់ឱ្យបានភ្លាមៗនូវរាល់ការគំរាមកំហែងដែលកំពុងកើតឡើង»។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ដើម្បីពង្រឹងកិច្ចការពារជាតិទៅនឹងការគំរាមកំហែងប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគត ប្រទេសកម្ពុជា កំពុងពន្លឿនការរៀបចំច្បាប់មួយចំនួន រួមមាន៖ ច្បាប់ស្ដីពីសន្ដិសុខសាយប័រ, ច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងក្របខ័ណ្ឌគ្របគ្រងទ្រព្យសកម្មនិម្មិត ដែលនឹងលេចចេញរូបរាងនាពេលខាងមុខ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា ទទួលខុសត្រូវទាំងស្រុងលើការធានាកត្តាសន្តិសុខតាមព្រំដែន ការអនុវត្តច្បាប់ និងការស្តារឡើងវិញនូវបូរណភាព និងយុត្តាធិការជាតិ ។ សម្តេចធិបតីបានអះអាងផងដែរថា៖ «ការទទួលខុសត្រូវត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងម៉ឹងម៉ាត់ និងមិនមានការយោគយល់ឡើយ»។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងទៀតថា៖ «វិធានការដ៏ម៉ឹងម៉ាត់ទាំងនេះ បានអនុញ្ញាតឱ្យអនុវត្តយុទ្ធនាការពីការចូលរួមគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល និងគ្រប់ផ្នែកពីបណ្តាញសង្គមក្នុងគោលបំណងកំចាត់បណ្តាញការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ទាំងស្រុងចេញពីកម្ពុជា ដោយកម្ពុជា ចាត់ទុកការអនុវត្តច្បាប់នេះ ជាកាតព្វកិច្ចសន្តិសុខអចិន្ត្រៃយ៍មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ»។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កម្ពុជា បានឆ្មក់ចូលទីតាំងសង្ស័យ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩ សញ្ជាតិ៕
ដោយ៖ ប៊ុនរិទ្ធ





