លោក ទូច សុឃៈ៖ កិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និង FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦-- តាមរយៈកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជនអំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈអនុស្សរណៈនៃការយោគយល់ទ្វេភាគីរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយ FBI និងត្រីភាគី ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង FBI។
បើតាមលោក ទូច សុឃៈ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការស្នូល បានសម្ភាសមុខសញ្ញាពាក់ព័ន្ធគណនីរូបិយបណ្ណគ្រីបតូ (Crypto) ចំនួន៦ករណី ស្មើនឹង៦នាក់ តាមសំណូមពរភាគីអាម៉េរិក ដោយជាលទ្ធផលបានរកឃើញថាអ្នកទាំងនោះពុំជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រីបតូនោះទេ។ ជាមួយគ្នានោះសមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់ IP Address ចំនួន៣ករណី និងបានផ្ដល់ព័ត៌មានទៅកាន់ភាគីអាម៉េរិកវិញថា IP Address នោះពុំអាចកំណត់អត្តសញ្ញាណបាននោះទេ។
ពាក់ព័ន្ធករណីគ្រីបតូដដែលនគរបាលកម្ពុជាក៏បានស្រាវជ្រាវករណីឆបោកពាក់ព័ន្ធនឹងការវិនិយោគរូបិយបណ្ណគ្រីបតូ២ករណីទៀត ដោយជាលទ្ធផលសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញថា មុខសញ្ញាទាំងនោះពុំជាប់ពាក់ព័ន្ធនឹងការវិនិយោគរូបិយប័ណ្ណគ្រីបតូនោះទេ។ លោកបន្ថែមថា សមត្ថកិច្ចយើងក៏បានស្រាវជ្រាវអត្តសញ្ញាណរថយន្តសង្ស័យពាក់ព័ន្ធបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី តាមសំណើភាគីមិត្ត ហើយជាលទ្ធផលសមត្ថកិច្ចជំនាញរកឃើញថាម្ចាស់រថយន្តបានប្ដូរលំនៅឋានថ្មី ដែលពុំមានតម្រុយស្រាវជ្រាវបន្ត។
ក្នុងក្របខ័ណ្ឌបទល្មើសស្កេម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា FBI សហរដ្ឋអាម៉េរិកក៏បានផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបមានចំនួន៥០ទីតាំង ដែលមាននៅក្នុងភូមិសាស្ត្រចំនួន៧ រួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល ស្វាយរៀង កំពត ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ លោកអះអាងថា ក្រោយពីទទួលបាននូវព័ត៌មាននោះសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានចុះប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅបង្ក្រាបបោសសម្អាតទាំង៥០ទីតាំងនោះដោយជោគជ័យ។ ជុំវិញករណីស្កេមនេះដែរ លោកទូច សុឃៈ បន្ថែមថា នាយក FBI សហរដ្ឋអាម៉េរិកបានមកព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសវនាការពិភាក្សាការងារជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកបានវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មុះមុតរបស់កម្ពុជានៅក្នុងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសកម្ពុជាបើកចំហក្នុងក្របខ័ណ្ឌតម្លាភាព និងគណនេយ្យភាពជាមួយនឹង FBI ដើម្បីបង្ហាញឆន្ទៈ និងភាពស្អាតស្អំរបស់ខ្លួន»។
លោក ទូច សុឃៈ រម្លឹកថា លទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង FBI ត្រូវបាននាយក FBI ថ្លែងប្រាប់អ្នកសារព័ត៌មានល្បីៗលើពិភពលោកថា ជាជោគជ័យរបស់សហរដ្ឋអាម៉េរិក ដែលបានសហការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទឹកដីកម្ពុជា។ លោកបញ្ជាក់ទៀតថា FBI បានផ្ដល់ព័ត៌មានជាបន្តបន្ទាប់ និងថាភាគីកម្ពុជាស្វាគមន៍ប្រកបដោយភាពស្មោះស្ម័គ្រ សុចរិតភាព និងការទទួលខុសត្រូវប្រកបដោយឆន្ទៈនៅក្នុងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងពិតប្រាកដ មិនដូចការលើកឡើងរបស់ក្រុមមួយ ឬក៏ប្រទេសណាមួយ ដែលមួលបង្កាច់លាបពណ៌កម្ពុជានោះទេ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





