ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបេក្ខជនប្រឡងជាប់និទ្ទេសA
AKP បាត់ដំបង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦---
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបេក្ខជនប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ(និទ្ទេសA) សម័យប្រឡង ១០ សីហា ២០២៦ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់អាណាព្យាបាលដែលបានអប់រំប្រៀនប្រដៅ និងអនុញ្ញាតឱ្យកូនៗបានចូលរៀនសូត្ររហូតដល់ប្រឡងជាប់និទ្ទេសA។ ឯកឧត្តម ថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូដែលបានជួយអប់រំបណ្ដុះបណ្ដាលសិស្សឱ្យក្លាយទៅជាសិស្សពូកែប្រឡងជាប់និទ្ទេសA។

ឯកឧត្តម កោតសរសើរចំពោះសិស្សានុ សិស្សដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និទ្ទេសA។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រាន់តែជាជំហានជោគជ័យដំបូងប៉ុណ្ណោះ ។ ផ្លូវទៅមុខនៅវែងឆ្ងាយទៀត ដូច្នេះក្មួយៗត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬចាប់យកជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានច្បាស់លាស់ ស្របតាមសក្តានុពល និងចំណង់ចំណូលចិត្តរបស់ខ្លួន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយដើរតួជាពលរដ្ឋល្អ ជាទំពាំងស្នង ឫស្សីដ៏រឹងមាំរបស់ជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុក «មនុស្ស» ជាអាទិភាព ចម្បងបំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការពង្រឹងគុណភាពវិស័យអប់រំគឺជាគ្រឹះដ៏រឹងមាំក្នុងការបណ្តុះបណ្តាលធន ធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា។


សូមរំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបងមានមណ្ឌលប្រឡងទូទាំងខេត្តសរុប ១៤មណ្ឌល ដែលមាន ៣៨០បន្ទប់ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៩ ៤២១នាក់ ក្នុងនោះស្រី ៥ ៥១៣នាក់ បេក្ខជនមកប្រឡងចំនួន ៩ ៣៤៣នាក់ ស្រី ៥ ៤៧៨នាក់ និងបេក្ខជនអវត្តមានចំនួន ៧៨នាក់ ស្រី ៣៥នាក់។ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុបចំនួន ៧ ៦០៤នាក់ ត្រូវជា ៨១,៣៩ភាគរយ ស្រី ៤ ៧៤១នាក់ ត្រូវជា ៨៦.៥៥ភាគរយ ។
ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៩០នាក់ ស្រី ៤៣នាក់ និទ្ទេសB មានចំនួន ៤៣៦នាក់ ស្រី ២៨២នាក់ និទ្ទេសC មានចំនួន ១,២១៧នាក់ ស្រី ៨៤២នាក់ និទ្ទេសD មានចំនួន ២,៦៤៣នាក់ ស្រី ១ ៧១៤នាក់ និទ្ទេសE មានចំនួន ៣ ២១៨នាក់ ស្រី ១ ៨៦០នាក់ ៕
ដោយ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





