ពលរដ្ឋរុស្ស៊ីនៅកម្ពុជា ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររុស្សី
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦--ពលរដ្ឋរុស្ស៊ីសរុបចំនួន ១៤០ នាក់ ដែលកំពុងរស់នៅ ឬស្នាក់នៅបណ្តោះអាសន្ននៅកម្ពុជា បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៃសភាសហព័ន្ធរុស្ស៊ី នីតិកាលទី៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា។

ការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការរៀបចំការិយាល័យបោះឆ្នោតនៅក្រៅប្រទេសរុស្ស៊ី ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋរុស្ស៊ីនៅបរទេសអនុវត្តសិទ្ធិបោះឆ្នោតតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។

នៅកម្ពុជា ការិយាល័យបោះឆ្នោតលេខ ៨១៥២ ត្រូវបានរៀបចំឡើងនៅស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ការិយាល័យនេះបានបើកដំណើរការនៅថ្ងៃទី២០ ខែកញ្ញា ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៨:០០ យប់ ម៉ោងក្នុងស្រុក។
ស្ថានទូតរុស្ស៊ីបានឱ្យដឹងថា ការរៀបចំនេះបានផ្តល់លទ្ធភាពដល់ពលរដ្ឋរុស្ស៊ីដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្រទេសកំណើត អាចអនុវត្តសិទ្ធិបោះឆ្នោត និងចូលរួមក្នុងជីវិតនយោបាយរបស់ប្រទេសរុស្ស៊ី។

គណៈកម្មការរៀបចំការបោះឆ្នោតប្រចាំមណ្ឌល បានសម្របសម្រួលរៀបចំលក្ខខណ្ឌចាំបាច់នានា ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងងាយស្រួលសម្រាប់អ្នកបោះឆ្នោត ខណៈអាជ្ញាធរកម្ពុជាបានផ្តល់កិច្ចសហការសមស្របដល់គណៈកម្មការក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនៃការបោះឆ្នោត៕

ដោយ នីកា





