រយៈពេល៦ខែ ដើមឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤៨៨កន្លែង និងឃាត់ខ្លួនជនសង្ស័យ ២០.៩២៦នាក់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាសេនាធិការ បានបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤៨៨កន្លែង និងឃាត់ខ្លួនជនសង្ស័យ ២០.៩២៦នាក់ ស្មើ ៣៨សញ្ជាតិ បញ្ជូនទៅតុលាការ ២.៦៣៧នាក់ ស្មើ ២៦ស ញ្ជាតិ ធ្វើកិច្ចសន្យាអប់រំ ១.៦៦៦នាក់ ស្មើ ១៤សញ្ជាតិ និងមួយចំនួនទៀតបន្តការអនុវត្តតាមនីតិវិធីជំនាញ។ នេះបើតាមការលើកឡើងរបស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកថា ក្នុងរយៈពេលកន្លះឆ្នាំនេះដែរ មន្រ្តីបានត្រួតពិនិត្យគោលដៅនៃអនុ ក្រឹត្យ០៣ ចំនួន ២៨.៥១២ទីតាំង ស្មើមនុស្សជាង ១សែននាក់ និងតាមដងផ្លូវជាង ២១ពាន់លើក ស្មើនឹងមនុស្ស ៤៤ពាន់នាក់ ដោយបានរកឃើញជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ព្រមទាំងជនបរទេសដែលគ្មានឯកសារផ្សេងៗសរុប ២.៣៤០នាក់ ស្មើ ២០សញ្ជាតិ ហើយក្នុងចំណោមជនបរ ទេសបណ្ដេញពីកម្ពុជា ៤៦.៤៧៤នាក់ មានជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាន ១៦.៨៧៤នាក់ ស្មើ ៣៤សញ្ជាតិ។

ក្នុងរង្វង់ប្រតិបត្តិការឆមាសទី១នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនរងគ្រោះ ៣០នាក់ ក្នុងនោះអំពើកេងប្រវ័ញ្ចផ្លូវភេទ ២៥នាក់ និងជួញដូរមនុស្ស ៥នាក់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ១៨នាក់ និងកំណត់អត្តសញ្ញាណចាប់ខ្លួន ៨នាក់ បានត្រួតពិនិត្យ និងដំឡើងកាមេរ៉ាតាមទីតាំងបង្ក្រាប និងបិទ២០១កន្លែង ស្មើ ៤៥៧គ្រឿង បិទសៀលទីតាំងបង្ក្រាប និងម្ចាស់បិទដោយស្ម័គ្រចិត្ត ៥២១ ទីតាំង និងបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ៨៥ករណី។

ដោយឡែក ក្នុងខែសីហា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៨៥កន្លែងបន្ថែមទៀត ឃាត់ខ្លួនជនសង្ស័យ ១.២៥៥នាក់ ស្មើនឹង ១៣សញ្ជាតិ និងបានបណ្ដេញចេញ ៥៧៤នាក់ ស្មើនឹង ១១សញ្ជាតិ។ សមត្ថកិច្ចក៏បានផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងល្មើសនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល ដោយសារភាគច្រើនពុំបានរាយការណ៍ពីវត្តមានជនបរទេស៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





