ជាង៣ឆ្នាំមកនេះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះផ្សព្វផ្សាយគោលនយោ បាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជាង ៧សែនលើក និងរៀបចំវេទិកាសាធារណៈជាង ៣សែនលើក
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដឹកនាំដោយ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាង៣ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរគ្រប់មូលដ្ឋានបានចុះផ្សព្វ ផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្មជូនប្រជាពលរដ្ឋសរុបចំនួន ៧២៤.៧៦៣លើក។ បើតាមរបាយ ការណ៍ក្រសួងមហាផ្ទៃជាមធ្យមការផ្សព្វផ្សាយមួយលើកៗមានប្រជា ពលរដ្ឋចូលរួមចន្លោះពី៤០ ដល់ ៥០នាក់។
ចំពោះការរៀបចំវេទិកាសាធារណៈក្នុងរ យៈពេលជាង៣ឆ្នាំនេះដែរអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រៀបចំបានចំនួន ៣៤៤.៩២៥លើក ក្នុងនោះ ឆ្នាំ២០២៣ ចំនួន ៨១.០៦០លើក ឆ្នាំ២០២៤ ចំនួន ៩៧.៦៥៦លើក ឆ្នាំ២០២៥ ចំនួន ១១៩.៦១៤លើក និងឆមាសទី១ ឆ្នាំ២០២៦ ចំនួន ៤៦.៥៩ ៥លើក ដោយក្នុងមួយលើកៗមានប្រជាពលរដ្ឋចូលរួមជាមធ្យមចន្លោះពី៣០ ដល់ ៤០នាក់។
តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ វេទិកាសាធារណៈ គឺជាជំនួបដែលធ្វើឡើងដោយបើកចំហរវាងអាជ្ញាធរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ ពិភាក្សា សួរដេញដោល និងចែករំលែកនូវព័ត៌មានជុំវិញក្ដីកង្វល់ ឬបញ្ហាឱ្យអាជ្ញាធរ ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធដោះស្រាយ។ វេទិកានេះ បានដើរតួនាទីយ៉ាងសំខាន់ជាស្ពានចងភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។
ជាគោលការណ៍ទាំងការផ្សព្វផ្សាយ និងវេទិកាសាធារណៈ លក្ខណៈសម្បត្តិទាំង៧ចំណុចរបស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវបានលើកយកមកពន្យល់ ដែលមានខ្លឹមសារជាអាទិ៍៖ ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យ និងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម៕

ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





