ឯកឧត្តម គន់ គីម ប្រគល់ផ្ទះ ១០២ខ្នង អំណោយរបស់សម្តេចតេជោ ជូនអតីតយុទ្ធជន នៅស្រុកគូលែន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ផ្ទះ ១០២ខ្នង បានកសាងឡើងនៅរួមជាមួយនឹងផ្ទះបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលទទួលបានការរៀបចំ និងស្ថាបនា ផ្លូវ អគ្គិសនី ទឹកស្អាត សាលារៀន ប៉ុស្តិ៍សុខភាព ស្នាក់ការភូមិជាដើម ដែលបម្រើដល់ជីវភាពប្រចាំថ្ងៃ។ ផ្ទះជាអំណោយនេះតាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម គន់ គីម សូមសម្តែងនូវការគុណដឹងដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែទុកការលំបាករបស់អតីតយុទ្ធជន និងនិវត្តជន គឺជាការងារមនុស្សធម៌ដ៏សំខាន់មិនអាចកាត់ថ្លៃបាន ដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍មកទល់សព្វថ្ងៃ បានមកដោយការលះបង់របស់អតីតយុទ្ធជន និងនិវត្តជន៕


ដោយ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





