ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ណែនាំដល់សហការីត្រូវចុះឈ្វេងយល់ពីសុខទុក្ខពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីជួយឧបត្ថម្ភសង្គ្រោះទាន់ពេលវេលា និងចំគោលដៅ
AKP កំពង់ធំ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានណែនាំដល់សហការីត្រូវចុះឈ្វេងយល់ពីសុខទុក្ខពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីជួយឧបត្ថម្ភសង្គ្រោះទាន់ពេលវេលានិងចំគោលដៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងចុះសួរសុខទុក្ខចែកជូនគ្រួសារខ្វះខាតចំនួន៨៦គ្រួសារ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមអំពីអាជ្ញាធរមូលដ្ឋាន ប្រធានក្រុមក្រុមប្រឹក្សាឃុំ មេភូមិ យុវជន និងសមាជិកបក្សឃុំបន្ទាយស្ទោងចំនួន១៥០នាក់។

ក្នុងឱកាសនោះ លោក ថាំង វីយុទ្ធដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយ ឯកឧត្តមរដ្ឋមន្ត្រី តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំគ្រប់កាលៈទេសៈ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបានណែនាំដល់ក្រុមការងារគណបក្សឃុំ អាជ្ញាធរមូលដ្ឋាននិងមេភូមិត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយភាពបុរេសកម្ម ដោយត្រូវចុះឈ្វេងយល់ពីសុខទុក្ខនិងជួយយកអាសារដល់ខ្នងផ្ទះដើម្បីក្តាប់បាននូវ បញ្ហា សំណូមពរនិងតម្រូវការនានាជាអាទិភាពដោយផ្ទាល់និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ចែកជូនដល់គ្រួសារទីទ័លក្រទាំង៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម មីជាតិ១កេស ត្រីងៀត១គីឡូក្រាម ត្រីខ១ យួរទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន២ម៉ឺនរៀល៕

ដោយ ស៊ុម វណ្ណា





