វិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច(IMSE) សាខាខេត្តកំពង់ធំ រៀបចំបើកវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ"ការតាក់តែងលិខិតរដ្ឋបាល"
AKP កំពង់ធំ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សាលាខេត្តកំពង់ធំបានសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច (IMSE) រៀបចំបើកវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការតាក់តែងលិខិតរដ្ឋបាល"ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីលោក ឃាត់ វុទ្ធី នាយកវិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច(IMSE) សាខាខេត្តកំពង់ធំ ព្រមទាំងលោកនាយករង ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងមាននិស្សិតសរុបចំនួន៥៨នាក់(ស្រី៤៣នាក់)។

លោក ឃាត់ វុទ្ធី នាយកវិទ្យាស្ថាន ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(IMSE) សាខាខេត្តកំពង់ធំបានបង្ហាញពីវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញក្នុងការតាក់តែងលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ និងបែបបទរដ្ឋបាល ដើម្បីជាមូលដ្ឋានសម្រាប់ការសិក្សា ការងារ និងការបំពេញតួនាទីវិជ្ជាជីវៈរបស់សិក្ខាកាមនាពេលអនាគត។
លោក ជា វ៉ាន់ចាន់ បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់និស្សិតឱ្យខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈព្រមទាំងត្រៀមខ្លួនឱ្យបានល្អសម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគតព្រមទាំង។ជំរុញឱ្យយុវជនចាប់យកឱកាសសិក្សា អភិវឌ្ឍសមត្ថភាពខ្លួនជាបន្តបន្ទាប់ និងកសាងភាពជាអ្នកដឹកនាំប្រកបដោយគុណភាព សីលធម៌ និងការទទួលខុសត្រូវ។


លោក ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ សូមឱ្យនិស្សិតទាំងអស់ខិតខំរៀនសូត្រ គោរពវិន័យ មានទំនួលខុសត្រូវ និងចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ។ ត្រូវចេះស្វែងរកចំណេះដឹងថ្មីៗ បង្កើនជំនាញបច្ចេកវិទ្យា ភាសាបរទេស ការទំនាក់ទំនង និងការធ្វើការជាក្រុម ព្រោះជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខ្លួន និងអាជីពនាពេលខាងមុខ។ ជាពិសេស សូមរក្សាឥរិយាបថល្អ សុជីវធម៌ និងការគោរពគ្នាទៅវិញទៅមក មានភាពស្មោះត្រង់ មិនបោះបង់ការសិក្សានៅពេលជួបការលំបាក និងត្រូវចងចាំថា ភាពជោគជ័យមិនកើតឡើងក្នុងមួយថ្ងៃទេ ប៉ុន្តែកើតចេញពីការខិតខំប្រឹងប្រែងជាប្រចាំ និងការមិនបោះបង់ក្តីស្រមៃរបស់ខ្លួន៕

ដោយ ស៊ុម វណ្ណា





