ក្រសួងបរិស្ថានបានធ្វើការមួយថ្ងៃពេញនិងយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោយ រថភ្លើងធ្វើឱ្យធ្លាយប្រេងនៅខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៦--បន្ទាប់ពីរថភ្លើងក្រឡាប់ និងបានធ្វើឱ្យធ្លាយប្រេងបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងខេត្តបាត់ដំបងរួចមកក្រុមមន្រ្តីជំនាញក្រសួង បានសហការជាមួយមន្រ្តីរដ្ឋបាលមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ រយៈពេលពេញ១ថ្ងៃពោលគឺ ទាំងថ្ងៃ ទាំងយប់ ចាត់វិធានការឆ្លើយតបជាបឋមយ៉ាងយកចិត្តទុកដាក់។
នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៦នេះក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមជំនាញរបស់ក្រសួងបរិស្ថាន រួមជាមួយមន្ទីរបរិស្ថានខេត្ត ចាត់វិធានការឆ្លើយតប និងគ្រប់គ្រងបរិស្ថាន ដោយសំដៅធ្វើយ៉ាងណាការពារសុវត្ថិភាពជាចម្បង។ ក្រុមការងារបានសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ណែនាំប្រជាពលរដ្ឋពាក់ម៉ាស់ និង មិនឱ្យចូលទៅជិត ឬដងយកប្រេងដែលកំពប់នោះឡើយ និងដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យឆាបឆេះជាយថាហេតុ និងកាត់បន្ថយការប៉ះពាល់ផ្ទាល់ ជាមួយសារធាតុគីមី។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរបានត្រៀមលក្ខណៈសង្គ្រោះ ដោយបានបញ្ជូនរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឱ្យប្រចាំការនៅទីតាំងកើតហេតុជាស្រេច។


ប្រភពខាងលើនេះបានឱ្យដឹងដែរថា មន្រ្តីជំនាញបានធ្វើការតាមបច្ចេកទេស និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Railway Cambodia ដើម្បីដោះស្រាយស្ដារស្ថានភាពនៅកន្លែងកើតហេតុឡើងវិញ និងបានសហការយ៉ាងសកម្មរវាងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការគ្រប់គ្រងការហូរច្រោះនៃប្រេងនេះ គឺជាជំហានដ៏សំខាន់ ដើម្បីធានាថា ផលប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាបបំផុត។ ក្រុមការងារបានណែនាំឱ្យរៀបចំរណាំងឈើ ចំនួន ៣ ទីតាំងនៅក្នុងប្រឡាយ នៅក្នុងតំបន់កើតហេតុ ដើម្បីទប់ស្កាត់ការហូរសំណល់ប្រេងទៅទីតាំងផ្សេងទៀត បន្ទាប់មកត្រូវបូមប្រេងដែលហូរចេញពីទូរថភ្លើង យកទៅទាំងសុវត្ថិភាព និងធ្វើការដាក់ពង្រាយចំប៉ើង នៅតាមប្រព័ន្ធទឹកប្រឡាយក្បែរនោះ ងាយស្រួលក្នុងការឃាត់ ចាប់ទុកប្រេងនៅសេសសល់ យកទៅទុកដាក់កន្លែងសុវត្ថិភាព។
ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថាននិងសហការបន្តជាមួយអាជ្ញាធរលើការគ្រប់គ្រងបរិស្ថាននេះជាបន្តបន្ទាប់ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ជាធរមាន។


សូមបញ្ជាក់ថា ហេតុការណ៍រថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ ២៧៧ ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតជាអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ប្រសិនបើគ្មានវិធានការគ្រប់គ្រង និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ។ គ្រោះថ្នាក់នេះបណ្តាល ឱ្យក្រឡាប់ទូរដឹកប្រេងចំនួន៥ ទូរប្រេង រួមមាន៖ ប្រេងម៉ាស៊ូត ៣ទូរ និងប្រេងសាំង ២ទូរ។ ស៊ីទែនប្រេងម៉ាស៊ុតទាំង ៣ មានផ្ទុកប្រេងម៉ាស៊ូតចំនួន ១៨០ ០០០ លីត្រ ។ យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ប្រេងម៊ាសូតប្រមាណ ៩០ ០០០ ទៅ ១០០ ០០០ លីត្រ អាចត្រូវបានលេចចេញមកខាងក្រៅ ហើយហូរចូលទៅក្នុងប្រឡាយ និងដីនៅក្នុងតំបន់ជុំវិញ៕
ដោយ មករា





