ខេត្ត Hideaki OHMURA និងខេត្ត Aichi ប្រទេសជប៉ុនបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--
ក្នុងឱកាសនៃការដឹកនាំប្រតិភូកីឡាចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ឆ្នាំ២០២៦ នៅទីក្រុង Nagoya ក្នុងខេត្ត Aichi ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អភិបាលខេត្ត Hideaki OHMURA និងអភិបាលខេត្ត Aichi នៃប្រទេសជប៉ុន ដោយបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅ និងការរៀបចំដ៏ល្អរបស់ប្រទេសជប៉ុនសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីលើកទី២០ និងបានរំលេចចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Nagoya និងខេត្ត Aichi ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ និងមានសារៈសំខាន់នេះ ដែលជាវេទិកាសម្រាប់ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិភាព និងការពង្រឹងការយោគយល់គ្នារវាងប្រជាជន និងប្រទេសក្នុងតំបន់ ក្រោមទស្សនវិស័យ «Imagine One Asia» ដែលបង្កប់នូវសារនៃសាមគ្គីភាពទៅកាន់តំបន់អាស៊ី។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងការគាំទ្ររបស់ជប៉ុនចំពោះការអភិវឌ្ឍប្រទេស និងការកសាងសន្តិភាពនៅកម្ពុជា ដោយរំលេចពីសារៈសំខាន់នៃការវិនិយោគរបស់ជប៉ុន និងការចូលរួមរបស់ក្រុមហ៊ុនជប៉ុនក្នុងការបង្កើតការងារ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ តាមកំណត់ត្រា ក្រុមហ៊ុនជប៉ុន រួមមាន Toyota និងក្រុមហ៊ុនក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក បានបង្កើតប្រតិបត្តិការនៅកម្ពុជា និងបង្កើតឱកាសការងារ ខណៈការវិនិយោគជប៉ុនក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុកផងដែរ។


ជាការឆ្លើយតប ភាគីជប៉ុនបានគូសបញ្ជាក់នូវការបន្តគាំទ្រកម្ពុជាលើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសការពង្រីកកម្មវិធីអាហារូបករណ៍ និងឱកាសសិក្សាសម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីឱ្យពួកគេអាចទទួលបានបទពិសោធពីប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលរបស់ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលជាឧត្តមប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។ លោកអភិបាលខេត្តបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពយូរអង្វែងរវាងជប៉ុន-កម្ពុជា និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ហើយថា កន្លងមកខេត្ត Aichi បានទទួលពលករ និងសិក្ខាកាមកម្ពុជាជាច្រើនមកសិក្សា និងបំពេញការងារ ដោយទទួលបាននូវបទពិសោធល្អៗ និងបានវិលត្រឡប់ទៅកម្ពុជាវិញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការដាក់ដំណើរការថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យ Nagoya នៅទីក្រុងភ្នំពេញ តាមរយៈមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវច្បាប់ជប៉ុននៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចាប់តាំងពីឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន តាមរយៈកីឡា ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





