បទយកការណ៍៖ ការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ! កម្ពុជាស្តារមុខមាត់លើឆាកអន្តរជាតិ តាមរយៈការប្រកាសបិទបញ្ចប់ Online Scams ទ្រង់ទ្រាយធំទាំងស្រុង
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--
ការប្រកាសបិទបញ្ចប់មជ្ឈមណ្ឌលឆបោកអនឡាញធំៗទាំងស្រុង គឺជាជំហានប្រវត្តិសាស្ត្រមួយដែលបង្ហាញពីយុទ្ធនាការទ្រង់ទ្រាយធំប្រកបដោយភាពម៉ឺងម៉ាត់ និងកណ្តាប់ដៃដែកអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ កម្ពុជាមិនត្រឹមតែបានវាយកម្ទេចជម្រករបស់ក្រុមឧក្រិដ្ឋជនឆ្លងដែន និងចាប់ខ្លួនមេខ្លោងដែលមានឥទ្ធិពលខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោក អំពីការប្តេ ជ្ញាចិត្តដ៏មោះមុត ផ្នែកនយោបាយ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីកម្ពុជា និងស្តារទំនុកចិត្ត ក៏ដូចជាកិត្យានុភាពរបស់ជាតិនៅលើឆាកអន្តរជាតិឡើងវិញយ៉ាងពេញលេញ ។
របត់ថ្មីនេះគឺជាជំហានដ៏មានឥទ្ធិពលមួយបង្ហាញថាកម្ពុជាលែងជាផ្ទាំងស៊ីប ឬជាជម្រក នៃបទល្មើសបច្ចេកវិទ្យាទៀតហើយ ប៉ុន្តែជាដៃគូសហប្រតិបត្តិការដ៏សកម្ម និងស្អាតស្អំនៅលើឆាកអន្តរជាតិ។ យុទ្ធនាការទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៦ នេះគឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញពិភពលោកថា កម្ពុជាមិនអត់ឱនចំពោះឧក្រិដ្ឋកម្មបច្ចេក វិទ្យាឡើយ។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានបង្ហាញនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិ ប្រចាំកម្ពុជា ប្រមាណ៥០នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថាបច្ចុប្បន្នកម្ពុជាពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធំៗ ទៀតនោះទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង។ ជាមួយគ្នានេះ កម្ពុជាបានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញនិងមន្ត្រីពាក់ព័ន្ធ ព្រមទាំងការបង្កើតក្របខ័ណ្ឌច្បាប់សាយប័រជាប្រព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាសប្ហាហ៍ក្រោយនេះ ដើម្បីទាមទារកិច្ចសហការ និងឆន្ទៈនយោបាយពិតប្រាកដកម្រិតសកលក្នុងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលជាងមួយឆ្នាំមកនេះ បានកាត់ផ្តាច់ខ្សែបណ្តាញមេខ្លោងលំដាប់ណាស៊ីប (មេខ្លោងធំដែលមានអំណាច និងឥទ្ធិពល) នៅកម្ពុជា ដែលជាជោគជ័យកម្រិតយុទ្ធសាស្ត្រ និងទទួលបានការកោតសរសើរខ្លាំងពីសហគមន៍អន្តរជាតិ គឺការហ៊ានវះកាត់ចាប់ខ្លួន និងធ្វើបត្យាប័នអ្នកជំនួញមានឥទ្ធិពលខ្នងបង្អែកក្រាស់ៗគឺលោក Chen Zhi (ប្រធានក្រុមហ៊ុន Prince Holding Group) កាលពីខែមករា និងលោក Li Xiong (ប្រធានក្រុមហ៊ុន Huione Group) កាលពីខែមេសា ឆ្នាំ២០២៦ ទៅកាន់ប្រទេសចិន ដែលជាការបំបាក់សសរទ្រូងហិរញ្ញវត្ថុ និងប្រព័ន្ធលាងលុយខុសច្បាប់ដ៏ធំរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែន។
ក្រោមយុទ្ធនាការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មន្ត្រីជាន់ខ្ពស់ និងមន្ត្រីអនុវត្តច្បាប់កម្ពុជាចំនួន ១៥រូប (មន្ត្រីជាន់ខ្ពស់ និងមន្ត្រីអនុវត្តច្បាប់ រួមមានព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត) ត្រូវបានចាប់ខ្លួន និងដកតំណែង ដោយសាររកឃើញថា មានការគប់គិត បើកដៃ ឬកាងនៅពីក្រោយជម្រក Scam ទាំងនោះ ។
ទោះជាយ៉ាងណា គណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្រើនរំលឹកថាការបិទបញ្ចប់ទីតាំងប្រមូលផ្តុំខ្នាតធំ (Compounds) មិនមែនមានន័យថាបទល្មើសបច្ចេកវិទ្យាត្រូវបានរលាយបាត់ដាច់ឫសគល់ទាំងស្រុងនោះទេ ។ បច្ចុប្បន្នក្រុមឧក្រិដ្ឋជនបានប្តូររូបភាពមកជាទម្រង់ជាខ្នាតតូច។ ពួកគេបានបំបែកខ្លួនទៅជួលផ្ទះល្វែង ខុនដូដាច់ដោយឡែក ហាងកាហ្វេ ឬធ្វើសកម្មភាពតាមរថយន្តចល័ត ដើម្បីលាក់ខ្លួនបន្លំជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដែលធ្វើឱ្យការស៊ើបអង្កេត និងកំណត់មុខសញ្ញាមានភាពស្មុគស្មាញជាងមុន (ដូចជាករណីចុះបង្ក្រាបចុងក្រោយ នៅខេត្តកោះកុង ដែលឃាត់ខ្លួនជនជាតិចិន ៣៣នាក់ និងដកហូតទូរស័ព្ទជាង ៧០០គ្រឿង នៅក្នុងផ្ទះជួលធម្មតា) ដែលសមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបមិនបង្អង់ដៃ ដោយគ្មានការលើកលែងឡើយ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានទទួលស្គាល់ថាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែជាការគំរាមកំហែងសកលដ៏ស្មុគស្មាញ ដោយពួកនេះតែងតែបម្លាស់ទី និងផ្លាស់ប្តូរវិធីសាស្ត្របច្ចេកវិទ្យាយ៉ាងរហ័ស ក្នុងប្រតិបត្តិការឆបោក។ ប៉ុន្តែសម្រាប់កម្ពុជា សកម្មភាពឆបោកទ្រង់ទ្រាយធំ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង និងពុំមានមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា៖ «មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង ខណៈវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ត្រូវបានអនុវត្តលើមុខសញ្ញាឧក្រិដ្ឋជន និងមន្ត្រីពាក់ព័ន្ធ»។
ជារួមមក យុទ្ធនាការបោសសម្អាត Online Scams ឆ្នាំ២០២៥-២០២៦ គឺជាជំហានដើរដ៏ត្រឹមត្រូវ និងមានឥទ្ធិពលបំផុតក្នុងការស្តារកិត្យានុភាព និងមោទនភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ។ ដើម្បីធានាថាបទល្មើសនេះមិនអាចងើបឡើងវិញបាន និងដើម្បីការពារភាពស្អាតស្អំនៃសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញទិសដៅយុទ្ធសាស្ត្របន្តរួមមាន៖ ការប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីផ្តន្ទាទោសមេខ្លោង Online Scams ក្នុងកម្រិតអតិបរមារហូតដល់ការដាក់ពន្ធនាគារអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ជាសម្បត្តិរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបង្កើនយុទ្ធនាការចុះធ្វើរដ្ឋបាលចំហ ពិនិត្យការស្នាក់នៅរបស់ជនបរទេសតាមខុនដូ និងបុរីនានាជាប្រចាំ ដើម្បីកម្ទេចជម្រក Scam ខ្នាតតូចទាន់ពេលវេលា។ រឹតបន្តឹងការពិនិត្យឯកសារធ្វើដំណើរចេញក្រៅប្រទេសរបស់ពលរដ្ឋ ដែលមានហានិភ័យខ្ពស់ ព្រមទាំងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នាចំពោះការគំរាមកំហែងជាសកលនេះ។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គប្រជុំថាទន្ទឹមនឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបាននិងកំពុងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិបន្ថែមទៀត រួមមានសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសកម្មនិម្មិតជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងថា៖ «ការកសាង និងពង្រឹងច្បាប់ជាប្រព័ន្ធដ៏រឹងមាំនេះ ស្តែងពីឆន្ទៈនយោបាយ និងភាពបុរេសកម្មរបស់កម្ពុជា ក្នុងការលុបបំបាត់និងទប់ស្កាត់បទល្មើសទាំងនេះ មិនឱ្យកើតឡើងនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច-សង្គម»។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្ម ព្រោះការប្រយុទ្ធប្រឆាំងបទល្មើសសកលនេះ ទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង ខណៈការខកខានរបស់ភាគីណាមួយ នឹងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហារួមនេះ។ ឯកឧត្តមបញ្ជាក់ថា៖ «កម្ពុជាបន្តបើកចំហជានិច្ចចំពោះគ្រប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ មិនឱ្យបទល្មើស Online Scams វិលត្រឡប់មកវិញ និងដើម្បីលើកកម្ពស់តួនាទីកម្ពុជា ក្នុងការរួមចំណែកកាន់តែខ្លាំងក្លាថែមទៀត ក្នុងកិច្ចប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ និងនៅលើពិភពលោក។»។

សមិទ្ធផលទាំងនេះបានប្រែក្លាយកម្ពុជាពីប្រទេសដែលរងការរិះគន់ មកជាប្រទេសឈានមុខក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការបង្កើតច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាថ្មីដែលមានទោសទណ្ឌរហូតដល់មួយជីវិត បានបង្ហាញពីការប្តេជ្ញាចិត្តផ្នែកច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ថ្វីត្បិតតែការបិទមជ្ឈមណ្ឌលទាំងនេះប៉ះពាល់ដល់វិស័យអចលនទ្រព្យមួយផ្នែកក្នុងរយៈពេលខ្លី ប៉ុន្តែវាបានបើកផ្លូវឱ្យមានការវិនិយោគស្អាតស្អំ និងការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ ក្រោមជំនឿចិត្តលើសន្តិសុខជាតិ និងកេរ្តិ៍ឈ្មោះដ៏ល្អរឹងមាំឡើងវិញ។
សរុបសេចក្តីមក យុទ្ធនាការបោសសម្អាតនេះ បានផ្ញើសារយ៉ាងច្បាស់ទៅកាន់សកលលោកអំពីរបត់ថ្មីនៃកិត្យានុភាពកម្ពុជា។ ទោះបីជាក្រុមឧក្រិដ្ឋជនអាចនឹងបន្តវិវត្តទៅជាទម្រង់ខ្នាតតូចលាក់ខ្លួន តាមសហគមន៍ក៏ដោយ ប៉ុន្តែច្បាប់ដ៏តឹងរ៉ឹង និងយន្តការរដ្ឋបាលដ៏ម៉ឺងម៉ាត់របស់កម្ពុជានឹងក្លាយជាខែលការពារដ៏រឹងមាំ។ នេះជាគន្លឹះតែមួយគត់ដើម្បីធានាថាកម្ពុជានឹងឈរជើងយ៉ាងរឹងមាំលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលមានសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕
ដោយ បាន ច័ន្ទតារារិទ្ធ





