ឯកឧត្តម សុខ លូ ប្រគល់បណ្ណសរសើរជូនសិស្ស ពិការ គ ថ្លង់ នៃវិទ្យាល័យសម្ដេចឪ
AKP បាត់ដំបង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរជូនសិស្សជ័យលាភី សិស្សពូកែ សិស្ស៣ល្អ យុវជនឆ្នើម កីឡាករ កីឡាការិនី និងសិស្សពិការ គ ថ្លង់ នៃវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង នៅក្នុងសាលប្រជុំវិទ្យាល័យសម្ដេចឪ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់សិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជាទៅអនាគត។ សិស្សត្រូវចាប់យកមុខវិជ្ជាបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលជាពិសេសមុខវិជ្ជាបញ្ញាសិប្បនិម្មិត (AI) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើការងារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល។


តាមរយៈបទពិសោធន៍ដែលទទួលបានពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ឯកឧត្តមបានរំលេចសារសំខាន់ៗនៃAI អាចធ្វើការងារដែលស្មុគស្មាញ និងត្រូវការពេលយូរបានយ៉ាងឆាប់រហ័ស ដោយកាត់បន្ថយការខុសឆ្គងរបស់មនុស្ស និងជួយកាត់បន្ថយពេលវេលាក្នុងការបំពេញភារកិច្ចផ្សេងៗ។ AIជាឧបករណ៍ដ៏មានឥទ្ធិពលជួយពង្រឹងសមត្ថភាពមនុស្សឱ្យធ្វើការបានល្អជាងមុន និងបង្កើតឱកាសថ្មីៗសម្រាប់អនាគត។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងក្រើនរំឭកដល់សិស្សត្រូវចូលរួមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវ និងមានសីលធម៌ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





