មន្ត្រីការទូតជាន់ខ្ពស់ចិនជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- លោក វ៉ាង យី (Wang Yi)អ្នកការទូតជាន់ខ្ពស់ចិន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយយេដ អាប់បាស់ អារ៉ាកជី (Seyyed Abbas Araghchi)កាលពីថ្ងៃពុធ នៅទីក្រុងប៉េកាំង។
លោក វ៉ាង ដែលជារដ្ឋមន្ត្រីការបរទេសចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា ការអូសបន្លាយជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនមែនជាផលប្រយោជន៍រួមរបស់ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិនោះទេ។
លោក វ៉ាង បានមានប្រសាសន៍ថា ប្រទេសចិនជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រក្សាភាពសមហេតុផល និងការអត់ធ្មត់ ត្រឡប់ទៅរកអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឱ្យបានឆាប់រហ័ស កសាងយន្តការចរចាឡើងវិញដោយផ្អែកលើការឯកភាពគ្នាដែលសម្រេចបានកន្លងមក និងធ្វើការពិគ្រោះយោបល់ប្រកបដោយខ្លឹមសារលើបញ្ហាដែលភាគីនីមួយៗយកចិត្តទុកដាក់។
លោក វ៉ាង បានបញ្ជាក់ថា ប្រទេសចិនគាំទ្រកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ហើយគាំទ្រភាគីទាំងពីរក្នុងការគោរពអធិបតេយ្យភាពទឹកដី និងសន្តិសុខជាតិរបស់គ្នាទៅវិញទៅមក ព្រមទាំងការការពារផលប្រយោជន៍រួមរបស់តំបន់ក្នុងលក្ខណៈស្ថាបនា។
លោក វ៉ាង បានអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញឱ្យបានឆាប់រហ័សរក្សាផ្លូវទឹកអន្តរជាតិឱ្យបើកចំហ និងមានសុវត្ថិភាព ព្រមទាំងការពារស្ថិរភាពនៃការដឹកជញ្ជូនថាមពលអន្តរជាតិ ក៏ដូចជាខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់។
លោក អារ៉ាកជី បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ក៏ត្រៀមខ្លួនរួចរាល់ផងដែរក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីកសាង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងភាពជាអ្នកជិតខាងដ៏ល្អ។
លោក អារ៉ាកជី បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ស្វាគមន៍ និងគាំទ្រសំណើចំនួន ៤ចំណុចស្តីពីការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងសំណើចំនួន ៤ចំណុចស្តីពីការលើកកម្ពស់សន្តិសុខរួមនៅក្នុងតំបន់ ដែលបានលើកឡើងដោយប្រធានាធិបតីចិន ដោយលោកបន្ថែមថាអ៊ីរ៉ង់មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅក្នុងក្របខ័ណ្ឌនេះ។
លោក អារ៉ាកជី បានថ្លែងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការបន្តការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំជាមួយប្រទេសចិន និងរួមគ្នាជំរុញកំណើនប្រកបដោយនិរន្តរភាព និងស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





