រដ្ឋបាលស្រុកកោះអណ្ដែត បើកកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
AKPតាកែវ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- ដើម្បីទ្រទ្រង់និងលើកកម្ពស់ព្រះពុទ្ធសាសនា ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធពិធីបុ ណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលខាងមុខ រដ្ឋបាលស្រុកកោះអណ្ដែត បានបើកកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះអនុគណស្រុកកោះអណ្ដែត លោក លោកស្រីអភិបាលរងស្រុក មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណៈកម្មការវត្ត ចូលរួមជាច្រើនអង្គ/នាក់។ពិធីនេះរៀបចំឡើងនៅសាលា អនុគណស្រុកកោះអណ្ដែត ស្ថិតនៅក្នុងវត្តព្រៃម្លូឃុំក្រពុំឈូកស្រុកកោះអណ្ដែតខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៦។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ដូនតាខ្មែរយើង តាំងពីបុរាណកាលមក ។

ពិធីបុណ្យនេះមិនត្រឹមតែជាការធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិសន្តានដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមាសក្នុងការជួបជុំគ្រួសារ បង្កើនការកាត់បន្ថយគម្លាត និងពង្រឹងកម្លាំងសាមគ្គីភាព ក្នុងសហគមន៍ផងដែរ។

លោកអភិបាលស្រុកកោះអណ្ដែត បានមានប្រសាសន៍បន្ថែមថា ដើម្បីឱ្យពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសរីករាយនិងជ្រះថ្លា ខ្ញុំសូមណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយដែលមកធ្វើបុណ្យទានតាមវត្តអារាមនានា។
លោក ភួន ឈីម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងរួមគ្នារក្សាអនាម័យ បរិស្ថានក្នុងទីវត្តអារាម ឱ្យបានល្អប្រសើរគ្រប់ៗគ្នា៕
ដោយ៖ អ៊ុច សៀង





