ភ្នំពេញក្រោន ឈ្នះ Kuching FC ២-១ ខណៈព្រះខ័នរាជចាញ់ Machida Zelvia ០-២ AFC AFC Champions League Two 2026/27
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--ក្លឹបបាល់ទាត់តំណាងកម្ពុជាចំនួន២ គឺក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀងបានចូលរួមប្រកួតដំបូង ក្នុងពូលចំនួន២ផ្សេងពីគ្នា ដោយភ្នំពេញក្រោនបានយកឈ្នះក្រុម Kuching FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានមរតកតេជោ ខណៈក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Machida Zelvia របស់ជប៉ុន នៅកីឡដ្ឋាន Machida GION ទីក្រុងតូក្យូ ០-២ ពានរង្វាន់ក្លឹបជើងឯកលំដាប់ទី២ប្រចាំទ្វីបអាស៊ី រដូវកាល ២០២៦-២៧ (AFC AFC Champions League Two 2026-27)។

នៅក្នុងការប្រកួត កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គឺម្ចាស់ផ្ទះ ភ្នំពេញក្រោនបានយកឈ្នះក្រុមភ្ញៀវ Kuching FC របស់ម៉ាឡេស៊ី ២-១ ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១។ ២គ្រាប់របស់ភ្នំពេញក្រោនធ្វើសម្រេចទាំង២គ្រាប់ ដោយកីឡាករ MOSES DYER នៅនាទី៥៥ និងនាទី៩០បូក១ ខណៈ១គ្រាប់របស់ Kuching FC រកបាននៅនាទី៧៣ ដោយកីឡាករ AJDIN MUJAGIC។ ជ័យជម្នះនេះបានធ្វើឱ្យ ភ្នំពេញក្រោនរកបាន ៣ពិន្ទុ ដោយឈរលើកំពូលតារាង ក្នុងពូល H ក្នុងចំណោម៤ក្រុម ដែលមានក្រុម Gangwon FC របស់កូរ៉េខាងត្បូង មាន១ពិន្ទុ ឈរលេខ២, ក្រុម Kitchee របស់ចិនហុងកុង មាន១ពិន្ទុ ឈរលេខ៣ និងក្រុម Kuching City ឈរលេខ៤។

ដោយឡែក នៅក្នុងការប្រកួតកាលពីយប់មិញដែរ ក្នុងពូល G គឺព្រះខ័នរាជស្វាយរៀង ក្រោយចាញ់ Machida Zelvia ០-២ នេះ ឈរនៅលេខ៤ ក្នុងចំណោម៤ក្រុម ដែលក្រុម Machida Zelvia ឈរលើកំពូលតារាងជាមួយ ៣ពិន្ទុ, Shanghai Shenhua របស់ចិន ឈរលេខ២ មាន៣ពិន្ទុ និងក្រុម Tampines Rovers របស់សិង្ហបុរី ឈរលេខ៣ ដោយមាន ០ពិន្ទុ។

នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល (Group Stage) ដែលមានសរុប ៣២ក្រុម ចែកជា៨ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា។ ក្រុមទាំង៤ក្នុងពូលនីមួយៗនឹងត្រូវប្រកួតប្រជែងផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ (Home/Away) ដោយក្នុង១ក្រុមៗមានប្រកួតសរុបចំនួន ៦ប្រកួត ដើម្បីស្វែងរកក្រុមជ័យលាភីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ (Knockout Stage)។ Group Stage នេះចែកជា២តំបន់ គឺតំបន់ខាងលិចមាន៤ពូល និងតំបន់ខាងកើតមាន៤ពូល ក្នុងនោះពូល ក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល H និងពូល G ដែលស្ថិតនៅតំបន់ខាងកើត។

គួរបញ្ជាក់ថា នេះជាឱកាសដំបូង ដែលភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបានបោះជំហានចូលរួមក្នុងការប្រកួតពានរង្វាន់ក្លឹបជើងឯកលំដាប់ទី២ប្រចាំទ្វីបអាស៊ី ក្រោយក្រុមតំណាងកម្ពុជាទាំងពីរបានចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់ក្លឹបជើងឯកលំដាប់ទី៣ប្រចាំទ្វីបអាស៊ី (AFC Challenge League) កន្លងមក ជាពិសេសក្រុមព្រះខ័នរាជស្វាយរៀង ប្រជែងបានជើងឯករង ២រដូវកាលជាប់ៗគ្នាចុងក្រោយនេះ៕
ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង)





