ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៦០០.០០០នាក់បានវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញក្នុងរយៈពេលមិនដល់ ៦ខែផង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ត្រីរដ្ឋាភិបាលម្នាក់បានបញ្ជាក់កាលពីថ្ងៃពុធថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានសរុបចំនួន៦១៧.២៤៤នាក់បានវិលត្រឡប់មកកាន់មាតុភូមិវិញពីប្រទេសជិតខាងគឺប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅចន្លោះថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៦។
លោក ហាមឌុលឡាហ៍ ហ្វីតរ៉ាត (Hamdullah Fitrat) អនុអ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានប្រកាសថា មនុស្សចំនួន ៤៣៧.៨៥៤នាក់បានវិលត្រឡប់ចូលប្រទេសវិញពីប៉ាគីស្ថាន ខណៈដែលមនុស្សចំនួន១៧៩.៣៩០នាក់ផ្សេងទៀតត្រូវបានបញ្ជូនត្រឡប់មកវិញពីប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលដូចគ្នានោះ។
យោងតាមមន្ត្រីរូបនោះបានឱ្យដឹងថា អ្នកវិលត្រឡប់ទាំងអស់បានទទួលជំនួយមនុស្សធម៌ចាំបាច់ រួមមានស្បៀងអាហារ ទឹកស្អាតសម្រាប់បរិភោគ សេវាថែទាំសុខភាព និងការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ខេត្តកំណើតរបស់ពួកគេរៀងៗខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





