ទុយនេស៊ី និងយេម៉ែន ពិភាក្សាអំពីការវិវត្តចុងក្រោយ និងវិធីដោះស្រាយវិបត្តិនៅប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការបរទេសទុយនេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសទុយនេស៊ី លោក ម៉ូហាមេដ អាលី ណាហ្វទី (Mohamed Ali Nafti) និងរដ្ឋមន្ត្រីការបរទេសនិងកិច្ចការជនជាតិយេម៉ែននៅក្រៅប្រទេស អ្នកស្រី អាហ្វ្រាហ៍ អាល់ ហ្ស៊ូបា (Afrah al-Zouba) បានពិភាក្សាគ្នាអំពីការវិវត្តចុងក្រោយនៅក្នុងប្រទេសយេម៉ែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វិបត្តិ កាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីលទ្ធភាពក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា លោក ណាហ្វទី បានបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពរបស់ប្រទេសទុយនេស៊ី ជាមួយប្រជាជនយេម៉ែន ចំពេលដែលមានវិបត្តិនៅក្នុងប្រទេសយេម៉ែន ហើយបានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសទុយនេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ និងអន្តរជាតិ ដើម្បីបញ្ចប់អំពើហិង្សា និងសម្រេចបាននូវដំណោះស្រាយនយោបាយដ៏ទូលំទូលាយ និងយូរអង្វែងសម្រាប់ជម្លោះនេះ។
ចំណែកអ្នកស្រី អាល់ ហ្ស៊ូបា បានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសទុយនេស៊ី ដល់ប្រទេសយេម៉ែន និងបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសម្របសម្រួល និងការពិគ្រោះយោបល់រវាងប្រទេសទាំងពីរលើការវិវត្តនៅក្នុងប្រទេសយេម៉ែន ក៏ដូចជាបញ្ហាផ្សេងៗរបស់អារ៉ាប់និងតំបន់ដែលមានផលប្រយោជន៍រួម។
ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងទុយនេស៊ី និងយេម៉ែន លើវិស័យសេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្រ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





