លីទុយអានី៖ យន្តហោះគ្មានមនុស្សបើកដែលចូលក្នុងដែនអាកាសរបស់ខ្លួនត្រូវបានបំផ្លាញចោល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ (NKVC) របស់ប្រទេសលីទុយអានី បានឱ្យដឹងថា ការជូនដំណឹងអំពីការគំរាមកំហែងតាមផ្លូវអាកាសត្រូវបានប្រកាសឡើងនៅក្រោយពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងវីលនឺស និងតំបន់ជុំវិញ បន្ទាប់ពីមានយន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងបានហោះចូលក្នុងដែនអាកាសរបស់ប្រទេសនេះ។
មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិបានឱ្យដឹងថា យន្តហោះចម្បាំងរបស់អង្គការណាតូ (NATO) ត្រូវបានបញ្ជូនឱ្យហោះឡើងជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ហើយប្រហែល ៣០នាទីបន្ទាប់ពីការជូនដំណឹងដំបូង អាជ្ញាធរបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកនោះត្រូវបានបំផ្លាញចោលនៅលើអាកាសក្នុងតំបន់គូណាស់។ បន្ទាប់មក ការជូនដំណឹងអំពីការគំរាមកំហែងតាមផ្លូវអាកាសក៏ត្រូវបានលុបចោលវិញ។
លោក វីម៉ាន់តាស វីតគូសកាស (Vilmantas Vitkauskas) នាយកនៃមជ្ឈមណ្ឌល NKVC បានបញ្ជាក់ថា មានការរកឃើញយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ហើយយន្តហោះចម្បាំងរបស់អង្គការណាតូត្រូវបានបញ្ជូនឱ្យប្រតិបត្តិការដើម្បីឆ្លើយតប។ លោកបានបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមមិនអាចត្រូវបានបង្ហាញនៅពេលនេះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





