រដ្ឋមន្ត្រីការបរទេសតួកគី៖ លោក អឺដូហ្គេន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសតួកគីលោក ហាកាន ហ្វីដាន (Hakan Fidan) បានថ្លែងកាលពីថ្ងៃអាទិត្យថាប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីក្នុងពេលឆាប់ៗនេះខណៈដែលទីក្រុងដាម៉ាស់ និងទីក្រុងអង់ការ៉ា កំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានឱ្យដឹងថា លោក ហ្វីដាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅទីក្រុងដាម៉ាស់ ជាមួយប្រធានផ្នែកកិច្ចការបរទេសរបស់ស៊ីរី លោក អាសាដ ហាសសាន់ អាល់ ស៊ីបានី (Asaad Hassan al-Shibani) បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថាការរៀបចំកំពុងដំណើរការដើម្បីបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការបំពេញទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលកិច្ចប្រជុំនោះ មន្ត្រីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការធ្វើឱ្យសកម្មឡើងវិញនូវគណៈកម្មាធិការរួមថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងសន្តិសុខ ក៏ដូចជាវិស័យថាមពល អប់រំវប្បធម៌ និងការវិលត្រឡប់របស់ជនភៀសខ្លួន។
លោក សៃបានី បាននិយាយថា គណៈកម្មាធិការនេះនឹងដំណើរការក្រោមការដឹកនាំរួមគ្នា និងរៀបចំកិច្ចប្រជុំជាប្រចាំ ដោយមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ និងគណៈកម្មាធិការតាមវិស័យជំនាញ ដើម្បីតាមដានការអនុវត្តសេចក្តីសម្រេចនានា។
ចំណែកឯលោក ហ្វីដាន វិញ បានលើកឡើងថា ប្រទេសទាំងពីរកំពុងបង្កើតយន្តការនានាដើម្បីសម្រួលដល់អាជីវកម្ម និងការវិនិយោគ ដែលគ្របដណ្តប់លើផ្នែកហិរញ្ញវត្ថុ ទិដ្ឋាការ ប័ណ្ណអនុញ្ញាតការងារ និងការចេញវិញ្ញាបនបត្រ ដោយកត់សម្គាល់ឃើញថាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនតួកគីលើវិស័យថាមពល និងវាយនភណ្ឌ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





