មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពង្រឹងចំណេះដឹងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់សុខភាពគ្រួសារនៅមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ដោយមើលឃើញថា អាហារូបត្ថម្ភជាមូលដ្ឋានដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ សុខភាពរបស់ស្ត្រី និងសុខុមាលភាពរបស់គ្រួសារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» ដើម្បីឱ្យចំណេះដឹងសំខាន់ៗអំពីអាហារូបត្ថម្ភអាចបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាងលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» នៅសាលប្រជុំ «ធំ» មន្ទីរសុខាភិបាលខេត្ត។ ពិធីនេះមានការចូលរួមពីតំណាងអង្គការ iDE ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសិរីសោភ័ណ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ ឃុំ សង្កាត់ ក្នុងមូលដ្ឋាន។

លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត បានលើកបង្ហាញថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាល ក្នុងការបន្តពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកពាក់ព័ន្ធ ជាពិសេសអ្នកដែលមានតួនាទីធ្វើការងារដោយផ្ទាល់ជាមួយស្ត្រី និងកុមារនៅមូលដ្ឋាន។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការពង្រឹងចំណេះដឹងអំពីអាហារូបត្ថម្ភ មិនមែនគ្រាន់តែជាការបន្ថែមចំណេះដឹងផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនសមត្ថភាពដល់អ្នកអនុវត្តន៍ការងារ ដើម្បីអាចផ្តល់ការអប់រំ ណែនាំ និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវដល់ស្ត្រី មាតា និងអាណាព្យាបាលនៅតាមសហគមន៍ ជាពិសេសពាក់ព័ន្ធនឹងការថែទាំសុខភាព និងអាហារូបត្ថម្ភរបស់មាតា និងកុមារ។

លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលគ្រូបង្គោលមានសារៈសំខាន់ណាស់ ព្រោះអ្នកចូលរួមមិនត្រឹមតែទទួលបានចំណេះដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាកម្លាំងបន្តចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃនៅក្នុងមូលដ្ឋាន។ តាមរយៈយន្តការនេះ ចំណេះដឹងអំពីអាហារូបត្ថម្ភអាចត្រូវបានបន្តផ្សព្វផ្សាយពីថ្នាក់បណ្តុះបណ្តាលទៅកាន់មូលដ្ឋាន និងពីមូលដ្ឋានទៅកាន់គ្រួសារ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានលើកឡើងពីភាពចាំបាច់នៃការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយសារការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ទាមទារឱ្យមានកិច្ចសហការរវាងវិស័យសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ ក្រុមទ្រទ្រង់សុខភាពភូមិ និងដៃគូអភិវឌ្ឍន៍។ ការសហការរួមគ្នានេះ នឹងជួយឱ្យការផ្សព្វផ្សាយចំណេះដឹង និងសារសុខភាពទៅដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សា ផ្លាស់ប្តូរបទពិសោធន៍ និងចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល ដើម្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» នេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ «ធំ» មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពអ្នកអនុវត្តន៍ការងារសុខាភិបាល និងសហគមន៍ឱ្យកាន់តែមានចំណេះដឹង និងជំនាញក្នុងការផ្តល់ការអប់រំអាហារូបត្ថម្ភ ជាពិសេសដល់ស្ត្រី និងកុមារ ដែលជាក្រុមគោលដៅដ៏សំខាន់សម្រាប់ការកសាងសុខភាពល្អ និងធនធានមនុស្សប្រកបដោយគុណភាពនៅថ្ងៃអនាគត៕

ដោយ ឈុន សារ៉ាត





