ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅនេប៉ាល់កើនឡើងដល់ ១.៣៧៤នាក់
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់១.៣៧៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍កណ្តាលរបស់ប្រទេសចិន ដោយដកស្រង់សម្តីរបស់មន្រ្តីប៉ូលិសនេប៉ាល់។
យោងតាមមន្រ្តីប៉ូលិស បានឱ្យដឹងថា មនុស្សជាង ៥.១០០នាក់នៅតែកំពុងបាត់ខ្លួន។
ទឹកជំនន់បានវាយប្រហារភាគខាងជើងប្រទេសនេប៉ាល់កាលពីថ្ងៃទី២៦ ខែសីហា ដែលបណ្តាលមកពីការរអិលបាក់ដីនៅតាមព្រំដែនជាមួយប្រទេសចិន ចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគពាយ័ព្យពីច្រកព្រំដែន Rasuwagadhi។ លំហូរទឹក ដី និងថ្មដ៏ខ្លាំងក្លាបានហូរចុះពីលើបាតទន្លេចម្ងាយ ៧០គីឡូម៉ែត្រ ដោយបំផ្លាញទីលំនៅក្បែរនោះ និងជន់លិចតំបន់ធំៗ។ យ៉ាងហោចណាស់មនុស្ស ៤៣នាក់បានស្លាប់នៅក្នុងប្រទេសចិននិង ៥១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





