អ្នកការទូតកំពូលចិនជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក សេក ម៉ូហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរភាពជាដៃគូជាយុទ្ធសាស្ត្រចិន-កាតា ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ដោយកត់សម្គាល់ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប្រទេសកាតាក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព សន្តិសុខ និងស្ថិរភាពរបស់ខ្លួន លោក វ៉ាង បានសម្តែងជំនឿថា ប្រទេសកាតានឹងបន្តផ្តល់ការគាំទ្រយ៉ាងរឹងមាំលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។
លោកបានបន្ថែមថា ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបាន និងយូរអង្វែងបំផុតនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកាតា ហើយមានឆន្ទៈក្នុងការរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកាតាលើកិច្ចការអន្តរជាតិ និងតំបន់។
លោក អាល់ ថានី បាននិយាយថា ប្រទេសកាតាប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះគោលការណ៍ចិនតែមួយ និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយមានឆន្ទៈក្នុងការបង្កើនការទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិនក្រោមអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌផ្សេងទៀត ការពារពហុភាគីនិយម និងលើកកម្ពស់សន្តិភាពអន្តរជាតិ និងការអភិវឌ្ឍរួម។
ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងថាមពលដ៏ធំបំផុតរបស់ប្រទេសកាតា លោក អាល់ ថានី បាននិយាយថា ភាគីកាតានឹងជម្នះការលំបាកដើម្បីផ្តល់អាទិភាពដល់ការធានាការផ្គត់ផ្គង់ថាមពលដល់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





