លោក គូស្ន័រ ហៅកិច្ចប្រជុំជាមួយលោក ពូទីន ថា ជាកិច្ចសន្ទនាដ៏ល្អមួយ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ចារ៉េដ គូស្ន័របេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានវាយតម្លៃជាវិជ្ជមានចំពោះកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយបានហៅវាថា ជាកិច្ចសន្ទនាដ៏ល្អមួយ។
លោក គូស្ន័រ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Wall Street Journal ថា «វាជាកិច្ចសន្ទនាដ៏ល្អមួយ... យើងបានសួរសំណួរជាច្រើន ហើយគាត់ក៏បានសួរសំណួរជាច្រើនដែរ»។
កិច្ចប្រជុំរបស់លោក ពូទីន ជាមួយលោក គូស្ន័រ និងបេសកជនពិសេសអាម៉េរិក លោក ស្ទីវ វីតកូហ្វ បានធ្វើឡើងនៅវិមានក្រឹមឡាំង កាលពីពេលថ្មីៗនេះ។
បន្ទាប់ពីទៅកាន់ទីក្រុងមូស្គូ អ្នកចរចាអាម៉េរិកបានទៅទស្សនកិច្ចនៅទីក្រុងគៀវ។ ទូរទស្សន៍អ៊ុយក្រែន TSN បានរាយការណ៍ថា ផ្នែកផ្លូវការនៃកិច្ចពិភាក្សាបានកើតឡើងក្នុងដំណាក់កាលជាច្រើន ដោយតំណាងមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចូលរួមនៅពេលក្រោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





