ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងចំនួន ៤ក្រុមហ៊ុនត្រូវបានចុះបញ្ជីក្នុងចំណោមក្រុមហ៊ុនការពារជាតិកំពូលទាំង ១០០ក្រុមហ៊ុនរបស់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ -- របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងធំៗចំនួន ៤ក្រុមហ៊ុនត្រូវបានចាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនការពារជាតិកំពូលទាំង ១០០ក្រុមហ៊ុនរបស់ពិភពលោក ដែលត្រូវបានជ្រើសរើសដោយសារព័ត៌មានការពារជាតិសហរដ្ឋអាមេរិក ខណៈដែលប្រទេសអាស៊ីមួយនេះកំពុងស្វែងរកការជំរុញការនាំចេញការពារជាតិ។
សារព័ត៌មានការពារជាតិបានចេញផ្សាយពីបញ្ជីក្រុមហ៊ុនការពារជាតិកំពូលទាំង ១០០ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន Hanwha ក្រុមហ៊ុន LIG Nex1ក្រុមហ៊ុន Hyundai Rotem និងក្រុមហ៊ុន Korea Aerospace Industries (KAI)។ ក្រុមហ៊ុនអាម៉េរិកចំនួន ៤ក្រុមហ៊ុនគឺ ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន RTX ក្រុមហ៊ុន General Dynamics និងក្រុមហ៊ុន Northrop Grumman បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៤។
ក្រុមហ៊ុន Hanwha ជាប់ចំណាត់ថ្នាក់លេខ១៦ ជាមួយនឹងប្រាក់ចំណូលការពារជាតិឆ្នាំ២០២៥ សរុបប្រហែល ១០,៤៤ប៊ីលានដុល្លារអាម៉េរិក បានកើនឡើងពីចំណាត់ថ្នាក់លេខ២២ ក្នុងបញ្ជីឆ្នាំមុន។
ក្រុមហ៊ុន LIG Nex1 ជាប់ចំណាត់ថ្នាក់លេខ៥២ ជាមួយនឹងប្រាក់ចំណូលការពារជាតិសរុបប្រហែល ៣,០៣ប៊ីលានដុល្លារអាម៉េរិក បានកើនឡើងពីចំណាត់ថ្នាក់លេខ៥៣ ខណៈដែលក្រុមហ៊ុន Hyundai Rotem ជាប់ចំណាត់ថ្នាក់លេខ៦១ កើនឡើងពីចំណាត់ថ្នាក់លេខ៦៧។ ក្រុមហ៊ុន KAI ជាប់ចំណាត់ថ្នាក់លេខ៧៤ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៦២។
ក្រុមហ៊ុនកូរ៉េទាំង ៤ក្រុមហ៊ុននេះបានបង្ហាញខ្លួននៅក្នុងបញ្ជីក្រុមហ៊ុនការពារជាតិកំពូលទាំង ១០០ក្រុមហ៊ុនរបស់សារព័ត៌មាន Defense News សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





