ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំធ្វើពិធីបោះបាយបិណ្ឌនៅវត្តទេពពោធិវង្ស ដើម្បីថែរក្សាប្រពៃណី និងទំនៀមទម្លាប់ដូនតាខ្មែរ
AKP សៀមរាប ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ -- ក្នុងស្មារតីចូលរួមលើកស្ទួយ និងថែរក្សាប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពុទ្ធបរិស័ទ រៀបចំពិធីបោះបាយបិណ្ឌនៅវត្តទេពពោធិវង្ស ក្រុងសៀមរាប នាព្រឹកព្រលឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ពិធីបោះបាយបិណ្ឌបានប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ដោយមានលោកអាចារ្យជាអ្នកដឹកនាំពិធី និងមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ក្នុងការសូត្រធម៌ និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ ដើម្បីឧទ្ទិសកុសលជូនដល់ញាតិមិត្ត បុព្វការីជន និងសព្វសត្វទាំងឡាយដែលបានចែកឋានទៅកាន់បរលោក។
ពិធីបោះបាយបិណ្ឌគឺជាទំនៀមទម្លាប់មួយដែលប្រជាពុទ្ធបរិស័ទខ្មែរបានប្រកាន់ខ្ជាប់ជាយូរលង់មកហើយ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ តាមជំនឿប្រពៃណី ពិធីនេះត្រូវបានរៀបចំឡើងដើម្បីឧទ្ទិសកុសល និងចែករំលែកកុសលផលបុណ្យដល់ញាតិដែលបានចែកឋាន ជាពិសេសអ្នកដែលត្រូវបានជឿថាកំពុងទទួលរងទុក្ខនៅក្នុងអបាយភូមិ ដើម្បីជាការបង្ហាញនូវសេចក្តីនឹករឭក ការដឹងគុណ និងកតញ្ញុតាធម៌ចំពោះអ្នកមានគុណដែលបានចែកឋានទៅ។

ក្រៅពីអត្ថន័យតាមជំនឿ ពិធីបោះបាយបិណ្ឌក៏បានឆ្លុះបញ្ចាំងពីស្មារតីគោរពប្រពៃណីដូនតា ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងការរួបរួមគ្នារបស់សមាជិកក្នុងគ្រួសារ សហគមន៍ និងសង្គមពុទ្ធសាសនិកខ្មែរ តាមរយៈការចូលរួមធ្វើបុណ្យ និងប្រកបដោយសទ្ធាជ្រះថ្លា។
យោងតាមឯកសារប្រវត្តិសាស្ត្រ និងការសិក្សាអំពីប្រពៃណីខ្មែរ ការធ្វើពិធីឧទ្ទិសកុសលដល់អ្នកដែលបានចែកឋាន មានឫសគល់តាំងពីសម័យបុរាណមកម្ល៉េះ។ នៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ គេបានប្រើពាក្យ «ស្រាទ្ធ» សម្រាប់ពិធីដែលមានគោលបំណងឧទ្ទិសកុសលដល់អ្នកស្លាប់។ ចំណែកនៅសម័យអង្គរ សំណល់សិល្បៈ និងចម្លាក់តាមប្រាសាទមួយចំនួន ក៏បានបង្ហាញពីជំនឿទាក់ទងនឹងឋានសួគ៌ ឋាននរក និងពិភពក្រោយសេចក្តីស្លាប់ផងដែរ។

លុះមកដល់សតវត្សទី១៩ ក្នុងរាជ្យព្រះបាទអង្គឌួង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ត្រូវបានរៀបចំជាទំនៀមទម្លាប់ប្រចាំឆ្នាំ ដែលបានបន្តអនុវត្តតៗគ្នារហូតមកដល់បច្ចុប្បន្ន។
បច្ចុប្បន្ន ពិធីបោះបាយបិណ្ឌនៅតែជាប្រធានបទដែលមានការយល់ឃើញខុសៗគ្នាក្នុងចំណោមប្រជាពុទ្ធសាសនិក។ អ្នកខ្លះចាត់ទុកថា ជាពិធីដ៏សំខាន់មួយក្នុងរដូវបុណ្យកាន់បិណ្ឌ ខណៈអ្នកខ្លះទៀតមានការសង្ស័យអំពីអត្ថប្រយោជន៍របស់ពិធីនេះតាមទស្សនៈព្រះពុទ្ធសាសនា។ ទោះជាយ៉ាងណា ការរក្សាប្រពៃណីនេះ គួរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការយល់ដឹងត្រឹមត្រូវ ការប្រតិបត្តិតាមគោលការណ៍សាសនា និងការបណ្តុះស្មារតីធ្វើអំពើល្អ ការចែករំលែក និងការដឹងគុណចំពោះបុព្វការីជន។
តាមរយៈការចូលរួមក្នុងពិធីបោះបាយបិណ្ឌនៅវត្តទេពពោធិវង្សនេះ ក៏ជាការបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត និងប្រជាពុទ្ធបរិស័ទ ក្នុងការថែរក្សា និងបន្តមរតកប្រពៃណីដូនតាខ្មែរ ឱ្យនៅគង់វង្ស ព្រមទាំងបន្តផ្សព្វផ្សាយតម្លៃវប្បធម៌ និងសីលធម៌ល្អៗដល់កូនចៅជំនាន់ក្រោយ៕
ដោយ ឃុត សៅ





