កិច្ចសហប្រតិបត្តិការដែលកម្ពុជាចង់បានគឺការអមដំណើរនៅជាមួយគ្នាយូរអង្វែង ជាជាងការផ្ទេរតែបច្ចេកទេសមួយពេល ដោយមានគោលដៅពង្រឹងសមត្ថភាព និងបង្កើតភាពម្ចាស់ការរបស់ក្រុមគ្រូពេទ្យកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដែលកម្ពុជាចង់បាន គឺការអមដំណើរនៅជាមួយគ្នាយូរអង្វែង ជាជាងការផ្ទេរតែបច្ចេកទេសមួយពេល ដោយមានគោលដៅពង្រឹងសមត្ថភាព និងបង្កើតភាពម្ចាស់ការរបស់ក្រុមគ្រូពេទ្យកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងពិធីថ្លែងអំណគុណចំពោះបេសកកម្មប្តូរតម្រងនោមលើកដំបូងនៅកម្ពុជា ដែលរៀបចំឡើងនៅស្ថានទូតបារាំងប្រចាំកម្ពុជា នាល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក្រុមអ្នកជំនាញនៃ Hospices Civils de Lyon ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងភាគីពាក់ព័ន្ធ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ស្ថានទូតបារាំង និងក្រុមអ្នកជំនាញនៃ Hospices Civils de Lyon សម្រាប់ការគាំទ្រ ជំនាញ និងបទពិសោធន៍ ក្នុងការជួយអភិវឌ្ឍសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ឈានទៅការអនុវត្តការប្តូរតម្រងនោមបានជោគជ័យនៅកម្ពុជាស្របតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងប្តូរតម្រងនោមបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ និងបានចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ២០២៥ ជាមួយនឹងការបញ្ជូនសមាជិកក្រុមការងារកម្ពុជា ទៅទទួលការបណ្តុះបណ្តាលបន្ថែម និងផ្លាស់ប្តូរបទពិសោធន៍សុីជម្រៅនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។

ការប្តូរតម្រងនោម គឺជាការឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈដ៏សំខាន់ សម្រាប់អ្នកជំងឺដែលមានជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។ ក្រសួងសុខាភិបាលគាំទ្រកម្មវិធីនេះ ដោយផ្តោតលើក្របខណ្ឌច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការតាមដានអ្នកជំងឺ ដើម្បីធានាបានគុណភាព និងសុវត្ថិភាពនៃសេវា។ ពិធីនេះបានបង្ហាញពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង កម្ពុជា និងបារាំងក្នុងវិស័យសុខាភិបាល និងជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍសេវាវេជ្ជសាស្ត្រឯកទេស និងធនធានមនុស្សសុខាភិបាលនៅកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





