សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមន្រ្ដីការបរទេសអាម៉េរិក បានស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ និងសកម្មភាពណាដែលជាការវាតទីយកទឹកដីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋមន្រ្ដីការបរទេសអាម៉េរិក បាននិយាយជាមួយថៃ ហើយបានស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ និងឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថា ជាការវាតទីយកទឹកដីកម្ពុជា ដែលធ្វើយ៉ាងណាថែរក្សា អនុវត្ដន៍កិច្ចព្រមព្រៀងបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «បីថ្ងៃមុន ឧបការី ទូតអាម៉េរិក បានមកជួបខ្ញុំ គាត់ថា ឥឡូវរដ្ឋមន្រ្ដីការបរទេសអាម៉េរិក បាននិយាយជាមួយថៃ ហើយ ថាស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ ឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថា ជាការវាតទីយកទឹកដីកម្ពុជា ហើយធ្វើយ៉ាងណាថែរក្សា អនុវត្ដន៍ KL Accord (កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី) ដែលយើងចរចា ដែលក្នុងខ្លឹមសារកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ បានបញ្ជាក់ច្បាស់ហើយថា ត្រូវវាស់វែងតាមសន្ធិសញ្ញា តាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយប្រើយន្ដការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានជម្រាបជូនសហរដ្ឋអាមេរិក ដែលបានជួយឱ្យមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ សូមជួយជំរុញដល់ភាគីថៃ ធ្វើយ៉ាងណាឱ្យមានការវាស់វែង គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «គាត់មកជួបខ្ញុំ ក៏សុំឱ្យកម្ពុជា បញ្ជាក់ថា កម្ពុជា មិនធ្វើសកម្មភាពអ្វីដែលបង្កើនកំដៅ។ ខ្ញុំថា កម្ពុជា មិនដែលធ្វើអ្វីបង្កើនកំដៅទេ ហើយយើងអត់ធ្មត់ណាស់ ហើយអាម៉េរិក ដែលជួយឱ្យមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ក៏សូមជួយជំរុញធ្វើយ៉ាងណាឱ្យមានការវាស់វែង JBC»។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់សាជាថ្មីម្ដងទៀតថា ការចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ម៉ោងនេះ មិនទាន់ចោលនោះទេ យន្ដការដោះស្រាយការទូត យន្ដការដោះស្រាយផ្លូវច្បាប់ គឺនៅពេលដែលយន្ដការទ្វេភាគីវាអស់ ហើយសម្ដេចធិបតីក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ចំពោះការប្រើរយៈពេលវែង ព្រោះថា ច្បាប់ការទូត អត់ដូចការវាយគ្នាទេ តែវាអាចចប់ បើវាយគ្នាអត់ចប់ទេ យើងវាយយកបាន គេវាយបកយកវិញ ហើយយើងវាយយកវិញ ជាក់ស្ដែងដូចជា រុស្ស៊ី និងអ៊ុយក្រែន ៣ឆ្នាំហើយ វាយគ្នាទៅវិញទៅមក។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «អីចឹង ខ្ញុំសូមបញ្ជាក់ថា ការចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ មកដល់ម៉ោងនេះ មិនទាន់ចោលទេ យន្ដការដោះស្រាយការទូត យន្ដការដោះស្រាយផ្លូវច្បាប់ យើងទៅលេងផ្លូវទឹកនៅ UNCLOS យើងលេងផ្លូវច្បាប់ នៅពេលដែលយន្ដការទ្វេភាគីវាអស់។ គោលដៅគឺវាសំខាន់ ដែលសុំឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់គឺប្រើរយៈពេលវែង។ ច្បាប់ការទូត អត់ដូចការវ៉ៃគ្នាទេ តែវាអាចចប់ បើវ៉ៃគ្នាអត់ចប់ទេ យើងវ៉ៃយកបាន គេវ៉ៃបកយកវិញ យើងវ៉ៃយកវិញ ដូចជា រុស្ស៊ី និងអ៊ុយក្រែន ៣ឆ្នាំហើយ វាយគ្នាទៅវិញទៅមក ដែលក្នុង១ថ្ងៃៗ ស្លាប់មិនដឹងអស់ជាប៉ុន្មាន»៕

ដោយ៖ រិទ្ធី





