សម្តេចធិបតី ហ៊ុន ម៉ាណែត បដិសេធចំពោះអ្នកនិយាយថាសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ភាគីកម្ពុជាបង្កើតសង្គ្រាមមុន
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបដិសេធចំពោះអ្នកដែលលើកឡើងថា កម្ពុជាជាអ្នកបង្កើតឱ្យមានសង្គ្រាមនៅតាមព្រំដែនជារឿងមិនពិត តែផ្ទុយទៅវិញភាគីថៃទេជាអ្នកបង្កើតសង្គ្រាមមុនដោយបានបាញ់សម្លាប់ទាហានកម្ពុជានៅក្នុងទឹកដីកម្ពុជាមុនទើបកម្ពុជាធ្វើការការពារខ្លួន។

ថ្លែងក្នុងពិធីអបអរសាទរខួប៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖« អ្នកខ្លះថាការវៃគ្នានេះដោយសារតែកម្ពុជាទៀត! ថាមកពីយើងសំដី«...»ថ្ងៃ២៥ ខែឧសភា កន្លងមក។ យើងមិនបានធ្វើអីទេ! នៅសុខៗគេមកបាញ់ទាហានខ្មែរយើងដល់ដី ប្រជាពលរដ្ឋទូទាំងប្រទេសទាមទារឱ្យឆ្លើយតប ក្រោយមកគេប្រមាថយើងខ្មែរក្រណាស់អត់ប្រេង ភ្លើង អ៊ិនធើណេតដាច់ខ្យល់ តើចាំទេ? ហើយយើងបានឆ្លើយតបវិញថា បើអ្នកមើលងាយយើងចាត់វិធានការអីញ្ចឹង»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ពេលសង្គ្រាមក៏មានបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេសថា រដ្ឋាភិបាលស្រងេងស្រងាង ឬហៅថ្ងៃទី៦ ខែ៧ស្អីនោះ គឺចាប់តាំងពីថ្ងៃទី២៨ ឧសភា គេចាប់ផ្តើមបណ្តេញទាហានខ្មែរចេញពីប្រាសាទតាមាន់ហើយធ្វើឱ្យមានការឈ្លោះគ្នា។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖« យើងមិនមែនជាអ្នកបង្ករឿងនោះទេ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ គឺថាគេជាអ្នកបាញ់យើងមុន។ យើងខំប្រឹងប្រែងណាស់ទៅនៅទីតាំងយើងមកទាំងផ្ទះ ទាំងវត្តរបស់យើង អីញ្ចឹងសូមបញ្ជាក់ឱ្យបានច្បាស់។កម្ពុជាមិនចង់មានសង្គ្រាមនោះទេ យើងចង់ការពារសិទ្ធិសេរីភាព អធិបតេយ្យភាពរបស់យើង»។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានលើកឡើងថា ការបាញ់គ្នាធ្វើឱ្យមនុស្សប្រមាណ៧០ម៉ឺននាក់បានរត់ជម្លៀសខ្លួន ។យើងបានធ្វើការចរចាបញ្ឈប់កាលពីនៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៥ ដោយចរចាគ្នាបញ្ឈប់បាញ់គ្នា មិនមែនឈប់ហើយឱ្យដីទាំងគេនោះទេ។ លក្ខខណ្ឌច្បាស់នៅថ្ងៃទី២៧ ខែធ្នូ គឺផ្អាកបាញ់គ្នា ហើយអ្នកណាឈរជើងនៅកន្លែងណានៅកន្លែងនោះ សិន ហើយចំណុចទី៣ ក៏មានការជជែកពីការកំណត់វាស់វែងព្រំដែន។
លើសពីនេះសម្តេចធិបតីក៏បានគូសបញ្ជាក់ថា៖«បើគ្មានចំណុចទី៣ ពីការកំណត់ព្រំដែនតាមការវាស់វែងព្រំដែនក៏យើងមិនបានឈប់បាញ់គ្នានោះដែរ។ គឺនៅបាញ់គ្នាបន្តទៀត។ ដូច្នេះចំណុចទី៣នេះមិនទាន់ចប់នោះទេ ទាំងភាគីថៃ និងកម្ពុជា មិនទាន់បានលុបនោះទេ។ជាងនេះMOU200០, JBC មិនទាន់លុបនោះទេ អ្វីដែលត្រូវធ្វើគឺការចុះវាស់វែង ដែលបានកំណត់ជាមួយគ្នា»៕
ដោយ៖ ប៊ុនរិទ្ធ





