ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ យើងរួមគ្នាផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអធិការកិច្ច ក្រុមហ៊ុនហុងដា និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង នាថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦នេះ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ននៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ បានប្រារព្ធធ្វើឡើងនៅរង្វង់មូលវិមានឯករាជ្យ មុខសាលាក្រុងស្វាយរៀង ដឹកនាំដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោកជំទាវ ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹងនូវសារសំឡេងដល់សាធារណៈជនទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយមានអ្នកចូលរួមសរុបចំនួន ៤៥៧នាក់ (ស្រី ១៩៥នាក់)។

ក្នុងយុទ្ធនាការនេះ មានសារអប់រំផ្សព្វផ្សាយ រួមទាំងធ្វើការណែនាំដល់អ្នកប្រើប្រាស់យានយន្ត ជាពិសេសអ្នកបើកបរទោចក្រយានយន្តឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការសួរ និងឆ្លើយសំណួរដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាព។

ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានចែកជូននូវសម្ភារៈមួយចំនួនដូចជា មួកសុវត្ថិភាពចំនួន ២៣០មួក (សាខាកាកបាទក្រហមកម្ពុជាខេត្ត ៣០មួក ក្រុមហ៊ុនហុងដា ២០០មួក) សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១.០០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ១.៥០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១.៥០០ច្បាប់ ខិតបណ្ណអនុក្រឹត្យផាកពិន័យ ១.៥០០សន្លឹក ខិតបណ្ណ ស.ស.យ.ក ៥០០សន្លឹក និងស្ទីកឃ័រសីលធម៌ ១០ចំណុច ១.០០០សន្លឹក៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





