អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាបន្តពង្រឹងការអប់រំផ្សព្វផ្សាយពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនពលរដ្ឋតាមព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--ប្រជាពលរដ្ឋចំនួន៦៥នាក់ ក្នុងនោះស្ត្រី២៤នាក់ កុមារ១០នាក់ ស្រី៥នាក់ និងជនមានពិការភាព១០នាក់ រស់នៅក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលការអប់រំផ្សព្វផ្សាយបន្ថែមអំពីផលប៉ះពាល់ពីគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងវិធីសាស្ត្រដែលត្រូវអនុវត្តនៅពេលប្រទះឃើញគ្រាប់ទាំងនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត និងរាងកាយ។ 
សកម្មភាពនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដោយបានចាត់ឱ្យមន្ត្រីសាខាចុះអមដំណើរ លោក មុំ ភារក្ស នាយករងនាយកដ្ឋានទំនាក់ទំនង នៃទីស្នាក់ការកាកបាទក្រហមកម្ពុជា និងលោក ប៊ិស្នុ ម៉ាហាត តំណាងគណៈកម្មាធិការកាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិ (ICRC) ប្រចាំនៅប្រទេសកម្ពុជា ចុះត្រួតពិនិត្យសកម្មភាពអប់រំផ្សព្វផ្សាយរបស់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោក មុំ ភារក្ស បានលើកឡើងពីសារៈសំខាន់នៃការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលធ្លាប់មានសង្គ្រាម ឬតំបន់ជាប់ព្រំដែន ដែលអាចនៅតែមានហានិភ័យពីសំណល់ជាតិផ្ទុះ។ 
លោកបានបញ្ជាក់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋគឺជាខ្សែការពារដ៏សំខាន់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ ព្រោះការមិនស្គាល់ ឬការធ្វេសប្រហែសចំពោះវត្ថុដែលមិនស្គាល់អត្តសញ្ញាណ អាចនាំទៅរកផលវិបាកធ្ងន់ធ្ងរ។ ដូច្នេះ អ្នកស្ម័គ្រចិត្តត្រូវបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចេះសម្គាល់ហានិភ័យ និងមានវិធីប្រតិបត្តិត្រឹមត្រូវនៅពេលប្រទះឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោក ប៊ិស្នុ ម៉ាហាត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ក្នុងការការពារអាយុជីវិតពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ដោយការផ្តល់ចំណេះដឹងត្រឹមត្រូវ និងទាន់ពេលវេលា អាចជួយឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងក្រុមងាយរងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ប្រកបរបរកសិកម្ម ឬធ្វើសកម្មភាពផ្សេងៗនៅក្នុងតំបន់ដែលអាចមានហានិភ័យ។

លោកបានលើកទឹកចិត្តឱ្យអ្នកស្ម័គ្រចិត្តបន្តផ្សព្វផ្សាយចំណេះដឹងនេះឱ្យបានទូលំទូលាយ ដោយផ្តោតលើសារសំខាន់ៗដែលប្រជាពលរដ្ឋអាចចងចាំ និងអនុវត្តបានជាក់ស្តែង ជាពិសេសគោលការណ៍ «កុំប៉ះ កុំរើ កុំដើរចូលទៅជិត និងត្រូវរាយការណ៍ទៅអាជ្ញាធរ ឬអ្នកជំនាញជាបន្ទាន់» នៅពេលប្រទះឃើញវត្ថុសង្ស័យ។
ជាមួយគ្នានេះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានបន្តពន្យល់ដល់ប្រជាពលរដ្ឋអំពីរូបរាង និងលក្ខណៈទូទៅនៃគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើមានការប៉ះពាល់ ឬចូលទៅកាន់ទីតាំងដែលមានវត្ថុសង្ស័យដោយខ្វះការប្រុងប្រយ័ត្ន។
ការចុះអប់រំផ្សព្វផ្សាយនេះ ក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ និងជនមានពិការភាព ដែលជាក្រុមដែលត្រូវការការផ្សព្វផ្សាយក្នុងរបៀបងាយយល់ និងសមស្របទៅតាមស្ថានភាពរបស់ពួកគេ។ តាមរយៈការផ្សព្វផ្សាយជាបន្តបន្ទាប់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមានគោលដៅជំរុញឱ្យសហគមន៍មានវប្បធម៌ប្រុងប្រយ័ត្ន និងចេះការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយមិនបានរំពឹងទុក។
សកម្មភាពនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការបន្តពង្រឹងការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ដែលអាចមានសំណល់ជាតិផ្ទុះពីអតីតកាល។

តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានទទួលចំណេះដឹងបន្ថែម និងការណែនាំអំពីវិធានការសុវត្ថិភាព ដែលអាចជួយឱ្យពួកគេមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ និងចៀសវាងការប្រព្រឹត្តសកម្មភាពប្រថុយប្រថាន នៅពេលប្រទះឃើញវត្ថុសង្ស័យនៅក្នុងសហគមន៍៕
ដោយ ឈុន សារ៉ាត





