អាងត្រពាំងថ្មបើកបញ្ចេញទឹកជាបន្តបន្ទាប់ អាជ្ញាធរស្រុកភ្នំស្រុកអំពាវនាវពលរដ្ឋប៉ែកខាងក្រោមត្រៀមបង្ការទឹកជំនន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ – អាជ្ញាធរស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប៉ែកខាងក្រោមអាងត្រពាំងថ្ម ជាពិសេសតំបន់ដែលអាចរងផលប៉ះពាល់ពីការហូរចុះនៃទឹក ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានល្អ ខណៈទ្វាររំដោះទឹកត្រពាំងថ្ម ស្ពានទី១ ស្ពានទី២ និងស្ពានទី៣ ត្រូវបានបើកបញ្ចេញទឹកជាបន្តបន្ទាប់ ក្នុងកម្រិតសមស្រប ដើម្បីគ្រប់គ្រងស្ថានភាពទឹកនៅក្នុងអាង។
ការបើកបញ្ចេញទឹកនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ រួមផ្សំនឹងទឹកដែលហូរធ្លាក់មកពីអាងអាតោ ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យកម្រិតទឹកក្នុងអាងត្រពាំងថ្មកើនឡើងខ្លាំង និងអាចបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ផ្ទះសម្បែង ផ្លូវថ្នល់ និងផលដំណាំរបស់ប្រជាពលរដ្ឋ ប្រសិនបើមិនមានការត្រៀមបង្ការទាន់ពេលវេលា។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកភ្នំស្រុក និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរធនធានទឹក និងឧតុនិយម បានចាប់ផ្តើមបើកទ្វារទឹកនៅស្ពានទី១ ស្ពានទី២ និងស្ពានទី៣ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ក្នុងកម្រិតមួយសមល្មម ដើម្បីរំដោះទឹក និងត្រៀមបង្ការហានិភ័យដែលអាចកើតមានដោយសារកម្រិតទឹកកើនឡើង។
អាជ្ញាធរស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាឃុំក្រោមអាងត្រពាំងថ្ម មិនត្រូវមើលរំលងស្ថានភាពទឹកនោះឡើយ ដោយត្រូវពិនិត្យ និងត្រៀមលក្ខណៈជាមុន ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតមាន។
ក្នុងនោះ ប្រជាពលរដ្ឋត្រូវ ជំរុញការច្រូតកាត់ និងប្រមូលផលកសិកម្មឱ្យបានទាន់ពេលវេលា ព្រមទាំងត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ជម្លៀសមនុស្ស សត្វ និងទ្រព្យសម្បត្តិ នៅពេលស្ថានភាពទឹកជំនន់កើតឡើង។
ជាមួយគ្នានេះ ត្រូវត្រៀមស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈចាំបាច់មួយចំនួនសម្រាប់បម្រុងទុក ក្នុងករណីត្រូវស្នាក់នៅតំបន់មានសុវត្ថិភាពមួយរយៈពេល។ នៅពេលមានទឹកជំនន់ចូលដល់លំនៅឋាន ត្រូវបិទប្រព័ន្ធអគ្គិសនី និងបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងសត្វមានគ្រោះថ្នាក់ផ្សេងៗដែលអាចចូលមកក្នុងលំនៅឋាន។
អាជ្ញាធរឃុំពាក់ព័ន្ធ ក៏ត្រូវបានជំរុញឱ្យត្រៀមលក្ខណៈជួយប្រជាពលរដ្ឋស្វែងរក និងផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានការលិចលង់កើតឡើង ខណៈក្រុមការងារចុះមូលដ្ឋានឃុំ និងស្រុកក៏បានត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ក្នុងស្ថានភាពមានហានិភ័យ ប្រជាពលរដ្ឋមិនត្រូវរង់ចាំរហូតដល់ទឹកឡើងខ្លាំង ទើបចាប់ផ្តើមជម្លៀសនោះទេ ប៉ុន្តែត្រូវត្រៀមលក្ខណៈ និងសហការជាមួយអាជ្ញាធរមូលដ្ឋានជាមុន ដើម្បីធានាសុវត្ថិភាពជាចម្បង។
ក្រុមការងារនឹងបន្តចុះពិនិត្យស្ថានភាព និងត្រៀមជួយប្រជាពលរដ្ឋនៅតំបន់ដែលប្រឈមហានិភ័យ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមនឹងគ្រោះថ្នាក់ដោយគ្មានការជួយអន្តរាគមន៍ឡើយ។
រដ្ឋបាលស្រុកភ្នំស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យតាមដានព័ត៌មាន និងការជូនដំណឹងរបស់អាជ្ញាធរជាប្រចាំ ព្រមទាំងចូលរួមសហការអនុវត្តវិធានការបង្ការគ្រោះមហន្តរាយ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ក្រុមគ្រួសារ។
ក្នុងករណីបន្ទាន់ ឬមានតម្រូវការជម្លៀស សូមប្រជាពលរដ្ឋទាក់ទងទៅលោកមេភូមិ លោកមេឃុំ ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក តាមរយៈលេខទូរសព្ទ៖ ០៩២ ១៥៣ ១៥២ / ០១៧ ៥០៥ ១៩៩ / ០៩២ ៥០១ ៩៦៤ / ០១២ ៥២៨ ០៤៣ ដើម្បីស្នើសុំជំនួយ និងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕



ដោយ៖ ឈុន សារ៉ាត





