ចិន-កម្ពុជា រៀបចំកម្មវិធីលម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសទាំងពីរ ដើម្បីបង្ហាញពីសក្ខីភាពនៃចំណងមិត្តភាពជាប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--
ចិន និងកម្ពុជា បានរៀបចំកម្មវិធីលម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសទាំងពីរ ដើម្បីបង្ហាញពីសក្ខីភាពនៃចំណងមិត្តភាពជាប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រជាជន នៃប្រទេសទាំងពីរ។
ថ្លែងក្នុងកម្មវិធីលម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ពពកកំដរដួងខែ មនោសញ្ចេតនាអ្នកជិតខាងល្អដ៏សែនជ្រាលជ្រៅ” នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ លោក Peng Bin អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សខេត្ដយូណាន និងជាប្រធានការិយាល័យអរិយធម៌ខេត្ដយូណាន ប្រទេសចិន បានគូសបញ្ជាក់ថា ពិធីបុណ្យសែនព្រះខែ គឺថាពិធីបុណ្យប្រពៃណីរបស់ប្រជាជាតិចិន ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ស្រស់បំព្រងរបស់ប្រជាជនក្នុងការជួបជុំគ្រួសារ និងការស្វែងរកភាពពេញលេញបរិបូរណ៍នៃជីវិត។ លោកបានបញ្ជាក់ថា ការគយគន់សម្រស់ដួងខែ គឺជាទំនៀមទម្លាប់វប្បធម៌រួមគ្នារវាងប្រជាជនចិន និងកម្ពុជា ក៏ជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងវប្បធម៌ដ៏ជិតស្និទ្ធរវាងប្រជាជនទាំងពីរប្រទេស។ លោកបានជម្រាបជូនផងដែរថា ក្នុងឱកាសពិធីបុណ្យសែននំព្រះខែប្រពៃណីចិន ប្រជាជនចិន តែងគយគន់សម្រស់ដួងខែ ទទួលទាននំព្រះខែ ដែលបង្ហាញពីក្តីសង្ឃឹមនៃការជួបជុំគ្រួសារ។ ចំណែកឯប្រជាជនកម្ពុជា វិញក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏មានការសំពះព្រះខែ និងអកអំបុកផងដែរ ដើម្បីបួងសួងសុំសេចក្តីសុខនិងសិរីសួស្តី។ លោក Peng Bin បានឱ្យដឹងដែរថា ទំនៀមទម្លាប់ វប្បធម៌ស្រដៀងគ្នានេះ បានធ្វើឱ្យមានភាពស្និទ្ធស្នាលតាំងពីដើមមករវាងប្រជាជនប្រទេសទាំងពីរ ក៏ជានិមិត្ដរូបមនោសញ្ចេតនាដ៏ពិតប្រាកដ នៃសេចក្ដីប្រាថ្នារួមគ្នា និងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនទាំងពីរប្រទេស ផងដែរ។

លោកក៏បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ពន្លឺដួងចន្ទ្រារួមគ្នា បានបង្ហាញពីសក្ខីភាពនៃចំណងមិត្តភាពជាប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់រវាងចិន និងកម្ពុជា ហើយក៏ជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប ដែលមានអាយុកាលជាប្រវត្តិសាស្ត្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់កម្រិតថ្មីមួយទៀត ហើយកិច្ចសហប្រតិបត្តិការចំណងមិត្តភាពក៏ទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗជាបន្តបន្ទាប់។»
ឆ្លៀតក្នុងឱកាសនេះដែរ លោក Peng Bin អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សខេត្ដយូណាន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈកម្មាធិការបក្សប្រចាំខេត្តយូណាន និងរដ្ឋាភិបាលខេត្តយូណាន ដែលបានបញ្ជូនក្រមសិល្បៈមកកាន់ប្រទេសកម្ពុជា រៀងរាល់ឆ្នាំ ដើម្បី សម្តែងក្នុងឱកាសពិធីបុណ្យសែននំព្រះខែដែលនឹងមកដល់នាពេលខាងមុខនេះ ដែលផ្តល់ជូនដល់ទស្សនិកជនគ្រប់មជ្ឈដ្ឋាននូវផ្ទាំងទស្សនីយភាព៏ដអស្ចារ្យ។
ជាមួយគ្នានេះ ឯកឧត្ដម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងថា វប្បធម៌មានភាពចម្រុះពណ៌ដោយសារការផ្ទាស់ប្តូរគ្នាទៅវិញទៅមក ហើយអរិយធម៌ មានភាពសម្បូបែបដោយសារការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរចិន និងកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា៖ «យើងខ្ញុំមានឆន្ទៈរួមគ្នាជាមួយមិត្ដភក្តិកម្ពុជា ទាំងអស់គ្នា ហើយយកព្រឹត្តិការណ៍នេះជាចំណុចចាប់ផ្តើមថ្មីមួយដើម្បីបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ការរផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ រួមទាំងទំនាក់ទំនងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ»។ ឯកឧត្ដមបានឱ្យដឹងដែរថា យើងនឹងរួមគ្នាប្រាប់ប្រជាជនប្រទេសទាំងពីរអំពីសាច់រឿងដ៏ល្អផូរផង់នៃមិត្តភាពកម្ពុជា-ចិន និងផ្សព្វផ្សាយសំឡេងនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីធ្វើឱ្យ “ពពកចម្រុះពណ៌ដេញតាមព្រះច័ន្ទ” ក្លាយជាការចងចាំរប្បធម៌ដ៏កក់ក្តៅ និងស្ថិតស្ថេរជាអមតៈនៅក្នុងបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យមនោសញ្ចេតនាអ្នកជិតខាងដ៏ជ្រាលជ្រៅ អាចចាត់ឫស លូតលាស់ចេញផ្កា និងបែកធាងត្រឈឹងត្រឈៃតាមរយៈការជួបជុំគ្នារៀរាល់ឆ្នាំមិនទាន។

ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានរំលេចឡើងក្នុងវិស័យសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន បានសហការជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK) ផលិតភាពយន្តឯកសារកម្រិត 4K ដែលមានចំណងជើងថា “អ្នកជិតខាងល្អ កម្ពុជា”។ ទន្ទឹមនេះ ការប្រមូលផ្តុំសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលមានស្ថាប័នជាង ១00 ព្រមទាំង សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គ ដែលបានរៀបចំឡើងចំនួន ៧ លើកជាប់ៗគ្នា បានក្លាយជាវេទិកាសំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ចាប់ដៃគ្នារបោះបោះជំហានទៅមុខ ដើម្បីធ្វើឱ្យសំឡេងនៃមិត្តភាពត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ និងសាយភាយកាន់តែឆ្ងាយ។
ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូន ឯកឧត្ដមឯកអគ្គរដ្ឋទូតបានលើកឡើងថា ចំពោះច្រករបៀង វប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានកែលម្អ និងលេចធ្លោឡើងយ៉ាងត្រចះត្រចង់, ខ្សែដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយផ្ទាល់រវាង ចិន-ឡាវ-កម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការយ៉ាងរលូន។ ចំណែកឯគោលនយោបាយលើកលែងទិដ្ឋាការជាបន្តបន្ទាប់ សម្រាប់ការធ្វើដំណើរទៅវិញទៅមក នៃទេសចរប្រទេសទាំងពីរ ក៏ត្រូវបានដាក់ចេញឱ្យអនុវត្តន៍ប្រកបដោយក្តីសោមនស្សរីករាយផងដែរ។ បន្ថែមពីនេះមជ្ឈមណ្ឌលវប្បធម៌ស្ថិតនៅរាជធានីភ្នំពេញ ដែលសាងសង់រួមគ្នាដោយរដ្ឋាភិបាលប្រជាជនខេត្តយូណាន និងក្រសួងវប្បធម៌និងទេសចរណ៍នៃប្រទេសចិន បានបើកដំណើរការឡើងវិញ ការផ្លាស់ប្តូរ និងទំនាក់ទំនងមិត្តភាពរវាងខេត្តយូណាន និងកម្ពុជា ត្រូវបានបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្ដម វ៉ាង វិនពីង បានបញ្ជាក់ពីសារៈសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូររវាខេត្តយូណាន និង ប្រទេសកម្ពុជា លើវិស័យសារព័ត៌មាន វប្បធម៌ និងទេសចរណ៍ កាន់តែមានភាពល្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។ ទាក់ទងនឹង គម្រោង “សម្រាប់ទេសចរណ៍បេតិកភណ្ឌពិភពលោក ទេសចរណ៍យូណាន ទស្សនាអង្គរ” ត្រូវបានជំរុញយ៉ាងសកម្ម សម្រាប់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មានវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនខេត្តយូណាន ត្រូវបានចុះហត្ថលេខាជាផ្លូវការ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ «ប្រទេសចិន និងកម្ពុជា គឺជាមិត្តបែកថែប ដែលតែងតែជួយយកអាសារគ្នា និងមានវាសនា រូមគ្នា ដូចពាក្យចាស់ពោលថា “បងប្អូនឆ្ងាយ មិនស្មើអ្នកជិតខាង”។ នៅខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ដោយបានរួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា បើកទំព័រថ្មីនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី និងគ្រប់កាលៈទេសៈ។ នៅខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។»

ក្នុងឱកាសនោះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្ដដែកថែម ដែលមានទំនាក់ទំនងជាប្រវត្ដិសាស្រ្ដយូរអង្វែងជាង១ពាន់ឆ្នាំមកហើយ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៃប្រទេសទាំងពីរ ការផ្លាស់ប្ដូរទេសចរណ៍ ការទំនាក់ទំនងប្រជាជន និងប្រជាជនគឺជាស្ពានដ៏សំខាន់ ដែលមិនអាចខ្វះបាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ផងដែរថា ក្នុងន័យនេះ ព្រឹត្ដិការណ៍ នារាត្រីស្រមោលស ក្រោមប្រធានបទ៖ ពពកកំដរដួងព្រះច័ន្ទ មិត្ដភាពស៊ីជម្រៅរវាងអ្នកជិតខាងល្អជ្រាលជ្រៅ” គឺជាការបោះជំហាន និងការបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយទៀតសម្រាប់ទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធរវាងកម្ពុជា-ចិន ដូចជាការចូលរួមអនុវត្ដន៍យុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន និងការចូលរួមចំណែកយ៉ាងសកម្មដោយយុទ្ធសាស្រ្ដ “ខ្សែក្រវ៉ាត់ និងផ្លូវ” របស់ប្រទេសចិន ដែលនឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀតក្នុងការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសយើងទាំងពីរ ជាពិសេសការជំរុញវប្បធម៌ ប្រជាជន និងប្រជាជនរវាប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏សូមអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះមិត្ដចិន ទាំងអស់មិនថាតែភ្ញៀវទេសចរ ឬអ្នកវិយោគនោះឡើយ សូមអញ្ជើញមកកាន់ប្រទេសកម្ពុជាដោយក្ដីជឿជាក់ និងមានទំនុកចិត្ដខ្ពស់ ហើយក៏សូមអញ្ជើញភ្ញៀវទាំងអស់មកទទួលយកនូវបដិសណ្ឋារកិច្ចរាក់ទាក់ ស្នាមញញឹមដ៏ស្រស់ស្អាត និងភាពស្រស់ស្រាយរបស់ប្រជាជនកម្ពុជា ខណៈដែលកម្ពុជា មិនមែនជាគោលដៅទាក់ទាញប៉ុណ្ណោះទេ ប៉ុន្ដែគឺជាទីកន្លែងដែលមាននាមថា រាល់ការស្នាក់នៅ ការកម្សាន្ដ និងការធ្វើវន្ដកិច្ច នឹងប្រព្រឹត្ដទៅដោយរលូន ទទួលបាននូវសុខសុវត្ថិភាព និងភាពកក់ក្ដៅ ហាក់ដូចជាស្ថិតនៅក្នុងផ្ទះកំណើតរបស់ខ្លួន៕




ដោយ៖ រិទ្ធី





