គណៈប្រតិភូព័ត៌មានកម្ពុជា និងបណ្តាប្រទេសអាស៊ាន ចុះទស្សនកិច្ចសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និង AI ក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌នៅខេត្ត Anhui ប្រទេសចិន
AKP ខេត្ត Anhui, ប្រទេសចិន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ --គណៈប្រតិភូព័ត៌មានកម្ពុជា និងបណ្តាប្រទេសអាស៊ាន បានអញ្ជើញចុះទស្សនកិច្ច និងសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនបច្ចេកវិទ្យាពិព័រណ៍ Anda Exhibition និងវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឌីជីថល (Institute of Digital Technology) ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Hefei ខេត្ត Anhui ប្រទេសចិន ដើម្បីដកស្រង់បទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប ក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌។

ក្នុងឱកាសចុះទស្សនកិច្ចនោះ គណៈប្រតិភូព័ត៌មានអាស៊ានទាំងអស់បានសិក្សា និងទស្សនាដោយផ្ទាល់នូវសមិទ្ធផលលេចធ្លោជាច្រើន នៃការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យាព័ត៌មាន។ គម្រោងតាំងបង្ហាញ «គំរូខ្នាតតូចនៃទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ ម៉ាជាយ៉ាវ (Majiayao Culture)» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាតំបន់តាំងទីលំនៅបុរេប្រវត្តិសាស្ត្រដ៏ធំមួយ និងត្រូវបានជ្រើសរើសជា «របកគំហើញបុរាណវិទ្យាថ្មីកំពូលទាំង ១០ ប្រចាំឆ្នាំ២០២៤ នៅប្រទេសចិន»។

តាមការបញ្ជាក់របស់រដ្ឋបាលនៃសារមន្ទីរ ដើម្បីបង្ហាញទិដ្ឋភាពប្រវត្តិសាស្ត្រកាលពី ៥ ០០០ ឆ្នាំមុនឱ្យមានជីវិតរវើកឡើងវិញ ក្រុមហ៊ុនបានបង្កើតនូវ «ប្រព័ន្ធរៀបរាប់សាច់រឿងជាពីរទស្សនីយភាព»៖ ទស្សនីយភាពទី១ គឺប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ព 3D (3D Printing) មាត្រដ្ឋាន ១:៤៥០ ដើម្បីចម្លងទិដ្ឋភាពជាក់ស្តែងនៃរណ្តៅកំណាយបុរាណវិទ្យា រួមមានប្រព័ន្ធគូទឹកការពារភូមិ ៣ ជាន់, គ្រឹះផ្ទះ, រណ្ដៅផ្ទុកស្បៀង និងឡដុតកុលាលភាជន៍។

ទស្សនីយភាពទី២ គឺប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធបញ្ញាសិប្បនិម្មិត AI (AI Simulation) ដើម្បីបង្កើតឡើងវិញនូវប្លង់ភូមិទាំងមូល និងសកម្មភាពរស់នៅរវើករបស់បុព្វបុរសសម័យបុរេប្រវត្តិ។

ជាមួយគ្នានេះដែរ គណៈប្រតិភូព័ត៌មានអាស៊ានបានស្វែងយល់ពីបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីជាច្រើនទៀត ដូចជា ប្រព័ន្ធឆ្លាតវៃគ្រប់គ្រងសារមន្ទីរ (Digital Museum Brain), បច្ចេកវិទ្យា 3D (Glasses-free 3D), ការបញ្ចាំងពន្លឺ 3D Mapping, ព្រមទាំងការធ្វើអន្តរកម្មដោយផ្ទាល់ជាមួយរ៉ូបូតស្វ័យប្រវត្តិ (AI Humanoid Robotics) ដូចជា បញ្ជា ចុច ប៉ះ និងនិយាយផងដែរ។
ការចុះទស្សនកិច្ចសិក្សានេះ គឺជាបោះជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យាព័ត៌មាន រវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងគោលបំណងយកបទពិសោធន៍នៃការអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិតឌីជីថលទាំងនេះ មកអនុវត្តន៍ និងអភិវឌ្ឍវិស័យព័ត៌មាន សារមន្ទីរ និងការផ្សព្វផ្សាយវប្បធម៌នាពេល អនាគត៕
ដោយ៖ ទូច វលក័្ខណ





