សមត្ថកិច្ចកម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត និងធ្វើកោសល្យវិច័យវត្ថុតាងឌីជីថល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦-- សមត្ថកិច្ចកម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត និងធ្វើកោសល្យវិច័យវត្ថុតាងឌីជីថល សំដៅធានាថាក្រុមឧក្រិដ្ឋជនមិនអាចកេងចំណេញពីភាពខុសគ្នា នៃសមត្ថកិច្ចយុត្តាធិការ ដើម្បីគេចវេសពីការទទួលខុសត្រូវផ្លូវច្បាប់ចំពោះសកម្មភាពរបស់ ពួកគេឡើយ។ នេះជាការលើកឡើងរបស់ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងវេទិកាទី១នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “ការឆ្លើយតបក្នុងតំបន់ និងសាកលលោកចំពោះ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហគមន៍អន្តរជាតិបានរៀបចំក្របខ័ណ្ឌច្បាប់បន្ថែមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ។ កាលពីឆ្នាំ២០២៤កន្លងទៅ អង្គការសហប្រជាជាតិបានដាក់ចេញនូវអនុសញ្ញាស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្ថែមលើអនុសញ្ញាឆ្នាំ២០០០ ស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ដែលឯកសារនេះបង្កើតបានជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិថ្មីមួយបន្ថែមទៀតដ៏សំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែន តាមប្រព័ន្ធបច្ចេកវិទ្យា។ អនុសញ្ញានេះបានដាក់កាតព្វកិច្ចឱ្យរដ្ឋភាគីរៀបចំឱ្យមាននូវក្របខ័ណ្ឌច្បាប់ជាតិរបស់ខ្លួន ដើម្បីបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
ប្រទេសកម្ពុជាក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាខាងលើបានឈានមួយជំហានទៅមុខ ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាន ប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២៦កន្លងទៅ។ ការបង្កើតច្បាប់ថ្មីនេះបានបំពេញនូវចន្លោះប្រហោងនៃច្បាប់កន្លងមក និងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។

នៅពេលដែលមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សកម្មភាពបទល្មើសផ្សេងៗតែងតែលេចរូបរាងនៅទីតាំងដែលប្រព្រឹត្តនោះ ដូចជា ការជួញដូរមនុស្ស ពលកម្ម ដោយបង្ខំ ការជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ជាដើម បង្កើតជាបណ្តាញអេកូឡូស៊ីនៃឧក្រិដ្ឋកម្មឆ្លងដែនមួយដ៏ស្មុគ្រស្មាញ។ ក្រុមឧក្រិដ្ឋជនបានយល់ច្បាស់អំពីភាពចន្លោះប្រហោងនៃច្បាប់ និងសមត្ថកិច្ចនៃយុត្តាធិការអនុវត្តច្បាប់ ហើយពួកគេបានកេងប្រវ័ញ្ចពីចំណុចទាំងនេះ។ បច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកអាចធ្វើប្រតិបត្តិការក្នុងប្រទេសមួយ ឆបោកជនរងគ្រោះក្នុងប្រទេសដទៃ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រទេសទី៣ ជ្រើសរើស ឬជួញដូរពលកម្មក្នុងប្រទេសទី៤ និងផ្ទេរទ្រព្យដែលជាផលនៃបទល្មើសទៅប្រទេសជាច្រើនទៀត ដែលធ្វើឱ្យប្រតិបត្តិការរបស់ប្រទេសមួយមិនអាចបំផ្លាញបណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុងបានឡើយ។
ឆ្លើយតបនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បណ្តាប្រទេសជាច្រើន និងអង្គការអន្តរជាតិ បានខិតខំប្រឹងប្រែងដាក់ចេញនូវបខ័ណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ ការឆ្លើយតបរបស់តំបន់និងសាកលលោក ក៏មានការវិវឌ្ឍទៅតាមបទល្មើសនេះដូចគ្នាផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការឆ្លើយតបរបស់យើងដំបូងផ្តោតលើការការពារជនរងគ្រោះពីការឆបោក តាមរយៈការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការដទៃទៀត ប៉ុន្តែវិធានការទាំងនេះមិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកនេះមិនឱ្យរីកធំធាត់នោះឡើយ ដូច្នេះយើងបានផ្លាស់ប្តូរពីការការពារប្រជាពលរដ្ឋរៀងៗខ្លួន ទៅជាការធ្វើសកម្មភាពរួមគ្នាដើម្បីបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងនេះ ទើបអាចធានានូវសន្តិសុខ-សុវត្ថិភាពសម្រាប់ប្រជាជន និងសង្គម។

ឯកឧត្តមបានបន្ថែមទៀតថា ផ្អែកលើការវិវឌ្ឍខាងលើទាំងកម្រិតសាកលលោក តំបន់ និងកម្ពុជា អ្វីដែលអាចមើលឃើញច្បាស់នោះគឺ “មិនមានប្រទេស ឬស្ថាប័នណាមួយ អាចដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែឯងប្រកបដោយប្រសិទ្ធភាពឡើយ”។ ដូច្នេះការជួបជុំរបស់យើងក្នុងថ្ងៃនេះ ដែលប្រមូលផ្តុំគ្រប់សមាសភាពពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ អង្គការអន្តរជាតិ និងវិស័យឯកជន ជាពិសេសវាគ្មិនសម្រាប់វេទិកាទី១នេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកបច្ចេកទេសមកពីបណ្តាប្រទេសនិងអង្គការអន្តរជាតិ និងតំបន់ នឹងផ្តល់នូវធាតុចូលដ៏សំខាន់សម្រាប់កំណត់ទិសដៅអាទិភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ទេស ច័ន្ទសុធារី





